
ទីក្រុងកាហ្សាន៖ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បណ្តាមេដឹកនាំអាស៊ានបានជាន់កម្រាលព្រំក្រហម ចូលអង្គុយតុប្រជុំក្នុងជំនួបកំពូលខួបអនុស្សាវរីយ៍រុស្ស៊ី-អាស៊ានលើកទី៣៥ ក្នុងទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏មានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយគ្នាដែរ។ ក្នុងជំនួបទល់មុខទ្វេភាគីនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់រុស្ស៊ីនៅក្នុងកិច្ចការសកលលោក និងរំលេចពីចំណងមិត្តភាពរយៈពេល៧០ឆ្នាំ រវាងកម្ពុជា-រុស្ស៊ី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា៖«រុស្ស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់ និងសកលលោក ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់សំឡេងរបស់ប្រទេសនៃតំបន់សកលខាងត្បូង (ឬ Global South) និងក្នុងកិច្ចការកែលម្អការតភ្ជាប់ជាមួយតំបន់អាស៊ី»។ សម្តេចនាយករដ្ឋមន្រ្តី កត់សម្គាល់ថា ទោះបីជាទិដ្ឋភាពសកលលោកមានការប្រែប្រួលក៏ដោយ ក៏កម្ពុជានៅតែបន្តអភិវឌ្ឍទំនាក់ទំនងយ៉ាងសកម្មជាមួយរុស្ស៊ី និងចិន ដោយផ្អែកលើផលប្រយោជន៍រួម។ សម្តេចថ្លែងថា៖«រុស្ស៊ីនៅតែជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តសម្រាប់ប្រទេសរបស់យើង»។ ជាងនេះទៅទៀត សម្តេចបានគូសបញ្ជាក់ថា ប្រទេសទាំង២ មានប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ «យើងកំពុងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត។ អស់រយៈពេល៧ទសវត្សរ៍មកនេះ កម្ពុជាបានផ្តល់សារសំខាន់យ៉ាងខ្លាំងដល់មិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែងរបស់យើងជាមួយរុស្ស៊ី។ យើងតែងតែចងចាំដោយដឹងគុណ ការគាំទ្រ និងជំនួយដែលសហភាពសូវៀត បានផ្តល់ដល់កម្ពុជាក្នុងដំណាក់កាលដ៏លំបាកបំផុតនៃប្រវត្តិសាស្ត្ររបស់យើង។ យើងមានសេចក្តីដឹងគុណចំពោះការរួមចំណែករបស់រុស្ស៊ីដល់ការអភិវឌ្ឍវិស័យសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា» នេះជាប្រសាសន៍របស់មេដឹកនាំកម្ពុជា ទៅកាន់លោក ពូទីន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ពីមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរយៈពេល៧០ឆ្នាំ រវាងប្រទេសទាំង២។ លោក ពូទីន បានលើកឡើងថា ៖«រុស្ស បានជួយជ្រោមជ្រែងដល់ការពង្រឹងកម្ពុជា ក្រោមជំនួយពីសហភាពសូវៀត។ នៅក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យដ៏ធំមួយ និងវិទ្យាស្ថានបច្ចេកវិទ្យាត្រូវបានសាងសង់ឡើង។ ហេដ្ឋារចនាសម្ព័ន្ធលើវិស័យថាមពល កសិកម្ម ទូរគមនាគមន៍ និងការដឹកជញ្ជូនតាមផ្លូវសមុទ្ទ ត្រូវបានដាក់ឱ្យដំណើរការ ហើយរហូតមកដល់បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងចំណោមនោះ នៅតែបន្តបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា»។ លោក ពូទីន បានបន្ថែមទៀតថា ៖«បច្ចុប្បន្ននេះ ទំនាក់ទំនងរុស្ស៊ី-កម្ពុជា នៅតែបន្តអភិវឌ្ឍទៅមុខជាលំដាប់។ គិតត្រឹមចុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង២ភាគរយ។ ជាការពិតណាស់ នេះគឺជាតួលេខមួយដ៏តូចនៅឡើយ។ តួលេខនេះ មិនទាន់ឆ្លើយតបទៅនឹងសក្តានុពលដែលមានស្រាប់រវាងយើងទាំង២នោះទេ។ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសយើងទាំង២ រដ្ឋាភិបាលនៃប្រទេសទាំងសងខាងកំពុងធ្វើការយ៉ាងសកម្ម។ យើងមានចំណាប់អារម្មណ៍ក្នុងការបង្រួបបង្រួម និងពង្រីកទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចនៃប្រទេសយើងទាំង២»។

មិនត្រឹមតែប៉ុណ្ណោះ លោក ពូទីន បានគូសបញ្ជាក់ថា ៖«ប្រទេសយើងទាំង២ បានពង្រឹងវិស័យវប្បធម៌ និងមនុស្សធម៌ [...]។ យើងបន្តជួយដល់កម្ពុជាក្នុងការរៀបចំ និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ពលរដ្ឋកម្ពុជាជាង៨០០០នាក់ បានទទួលការអប់រំកម្រិតឧត្តមសិក្សានៅក្នុងប្រទេសរុស្ស៊ីរួចរាល់ហើយ ហើយនាពេលបច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាចំនួន១៦៦០នាក់ កំពុងសិក្សា ហើយនៅក្នុងឆ្នាំសិក្សានេះ អាហារូបករណ៍ចំនួន៦៣បន្ថែមទៀត ត្រូវបានផ្ដល់ជូន»។ លោក ពូទីន ក៏បានអញ្ជើញក្រុមហ៊ុនធុរកិច្ចកម្ពុជាទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចភាគខាងកើត (ឬ Eastern Economic Forum) ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែកញ្ញា នៅរដ្ឋធានីមូស្គូ នាឆ្នាំនេះផងដែរ។

ជាមួយគ្នា សម្តេចធិបតី បានអបអរសាទរចំពោះប្រជាជនរុស្ស៊ីក្នុងឱកាសថ្ងៃបុណ្យជាតិរុស្ស៊ីនាពេលថ្មីៗនេះ និងបានអបអរសាទរចំពោះមេដឹកនាំរុស្ស៊ី សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ប្រកបដោយជោគជ័យ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ៖«ខ្ញុំក៏ចង់សម្ដែងនូវការដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូរបស់ខ្ញុំ។ វាជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ខ្ញុំក្នុងការនាំយកការប្រទានពរជ័យដ៏ខ្ពង់ខ្ពស់ពីព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះឯកឧត្តម[ប្រធានាធិបតី] និងថ្នាក់ដឹកនាំរុស្ស៊ី»៕



