
ទីក្រុងកាហ្សាន៖ យោងតាមការចុះផ្សាយដោយកាសែតថៃ នៅថ្ងៃទី១៩មិថុនានេះ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (Anutin Charnvirakul) បានអះអាងថា លោកពិតជាបានជួបពិភាក្សាការងារក្រៅផ្លូវការរយៈពេលខ្លីមួយ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន...។

នៅក្នុងជំនួបដ៏ខ្លីនោះ លោក អនុទីន បាននិយាយថា ភាគីទាំង២[កម្ពុជា-ថៃ] បានបញ្ជាក់ជាថ្មីថា ពួកគេមិនចង់ឱ្យមានជម្លោះទេ។ នេះមានន័យថា អណ្តាតរបស់លោក អនុទីន រលាស់ថា ចង់ចៀសវាងជម្លោះ តែចិត្តគំនិតនៅតែបង្ហាញជំហរឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ទាំងដែលកម្ពុជាគោរពបទឈប់បាញ់ និងត្រូវការសន្តិភាពយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះ លោក អនុទីន ក៏បានលើកឡើងថា លោកក៏បានពិភាក្សាជាមួយសម្តេចធិបតី អំពីជំហរររបស់ប្រទេសថៃលើបញ្ហាព្រំដែន រាប់ទាំងការប្តេជ្ញាចិត្តរបស់រាជធានីបាងកក ចំពោះយន្តការនានាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS) ក៏ដូចជាក្របខណ្ឌទ្វេភាគី ដូចជា គណៈកម្មការព្រំដែនរួម (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC)ផងដែរ។

នៅពេលត្រូវបានចោទសួរថាតើមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីការបើកច្រកព្រំដែនឡើងវិញដែរឬទេ...? លោក អនុទីន បានសើចបែបហួសចិត្តចំពោះសំណួរខាងលើថា «លោកគ្មានបំណងនឹងលើកយកបញ្ហានេះមកជជែកនោះឡើយ ព្រោះប្រជាជនថៃ ច្បាស់ជាខឹងសម្បារជាខ្លាំង»។ យ៉ាងណា ទង្វើវាយឫកខែងរែងនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនេះ បានស្តែងឱ្យឃើញថា រាជរដ្ឋាភិបាលថៃ បច្ចុប្បន្ន កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីសាធារណជនខ្លួនឯង និងមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ ក្នុងការដោះស្រាយការខ្វែងគំនិតគ្នា តាមបែបការទូត និងដោយសន្តិវិធីជាមួយកម្ពុជានៅឡើយទេ។ នេះបញ្ជាក់ថា កៅអីនាយករដ្ឋមន្រ្តីថៃ ដែលអង្គុយរាល់ថ្ងៃ គឺគង់វង្សបានដោយសារតែដុតកំហឹងពលរដ្ឋខ្លួនឯង ក្រោមស្រមោលសង្គ្រាមឈ្លានពានទឹកដីកម្ពុជាតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលទាំង២ នៅតែបន្តប្រើប្រាស់ទ័ពការទូត ដើម្បីដោះស្រាយរាល់ការខ្វែងគំនិតគ្នានៅលើឆាកអន្តរជាតិ ថ្វីបើយោធាថៃឈ្លានពាន នៅតែចិញ្ចឹមចិត្តចង់ត្របាក់លេបទឹកដីកម្ពុជាបន្ថែមទៀតក៏ដោយ៕



