
រាជធានីបាងកក៖ ទឹកដីថៃ ហាក់បង្កប់ដោយស្រមោលខ្មៅងងឹតនៃការលាងលុយកខ្វក់ ឆបោកឆ្លងដែន និងការជួញដូរមនុស្ស ខណៈអាជ្ញាធរទើបតែភ្ញាក់ខ្លួន នាំគ្នាតាមចាប់អ្នកជំនួញជនជាតិចិនដ៏មានឥទ្ធិពលម្នាក់ គឺលោក វ៉ាង យីឆេង (Wang Yicheng) ពីបទលួចលាក់បង្កើតរោងចក្រ «Cryptocurrency Mining» ដោយខុសច្បាប់ទ្រង់ទ្រាយធំ ដើម្បីលាងលុយកខ្វក់ ដែលបានមកពីការឆបោកអនឡាញ និងល្បែងស៊ីសងឆ្លងដែន...។

ករណីនេះកំពុងធ្វើឱ្យរង្គោះរង្គើប្រព័ន្ធយុត្តិធម៌ និងមុខមាត់ប្រទេសថៃជាថ្មីម្ដងទៀត ដោយបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ថា ថៃមិនត្រឹមតែជាតំបន់ទេសចរណ៍នោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលលាងលុយកខ្វក់ និងជាជម្រកដ៏សុខសាន្តរបស់ឧក្រិដ្ឋជនធំៗ ក្រោមការគាំទ្រ និងស៊ីសំណូកលាក់កម្បាំងពីសំណាក់មន្ត្រីគ្រាក់ៗនៅក្នុងប្រទេស។ រឿងរ៉ាវដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺ លោក វ៉ាង យីឆេង មិនមែនជាឧក្រិដ្ឋជនធម្មតានោះទេ ប៉ុន្តែរូបគេធ្លាប់ជាអនុប្រធានសមាគមពាណិជ្ជកម្មថៃ-អាស៊ី ថែមទៀតផង។ ការស៊ើបអង្កេតស៊ីជម្រៅរបស់សារព័ត៌មានរ៉យទ័រ តាំងពីឆ្នាំ២០២៣មក បានរកឃើញថា មេខ្លោងចិនរូបនេះបានប្រើប្រាស់លុយកខ្វក់រាប់លានដុល្លារ ទៅទិញឥទ្ធិពល និងកសាងណ្តាញទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយមន្ត្រីនយោបាយ និងប៉ូលិសជាន់ខ្ពស់ថៃ ដើម្បីធ្វើជាខ្នងបង្អែក បិទបាំងសកម្មភាពខុសច្បាប់របស់ខ្លួន។

យ៉ាងណា ការចេញដីការចាប់ខ្លួន ដោយនាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ថៃនៅពេលនេះ ហាក់ដូចជាយឺតពេលទៅហើយ ព្រោះមេខ្លោងរូបនេះបានដឹងខ្លួនជាមុន និងរត់គេចខ្លួនទៅបរទេសដោយសុវត្ថិភាពបាត់ទៅហើយ ខណៈប៉ូលិសថៃបានដោះសាដដែលៗថា ពួកគេកំពុងសហការជាមួយដៃគូអន្តរជាតិ។ សូមជម្រាបថា ប្រទេសថៃគឺជាច្រកទ្វារ និងជាទីតាំងឈរជើងដ៏មានសុវត្ថិភាពសម្រាប់មេខ្លោងឧក្រិដ្ឋជនទាំងនោះ។ ទោះបីជាបច្ចុប្បន្ន ថៃព្យាយាមបង្ហាញសកម្មភាពបង្ក្រាបដូចភ្លៀងរលឹមក៏ដោយ ប៉ុន្តែជនល្មើសលំដាប់មហាសេដ្ឋីដូចជាលោក វ៉ាង អ៊ីឆេង នៅតែអាចបង្កើតបណ្តាញលាងលុយរាប់សិបលានដុល្លារ និងអាចរត់គេចខ្លួនបានយ៉ាងរលូនបែបនេះ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រព័ន្ធច្បាប់ថៃទន់ខ្សោយ និងអំពើពុករលួយក្នុងជួរមន្ត្រីគ្រាក់ៗ ដោយពួកគេដើរតួរជាខ្នើយកើយដ៏កក់ក្ដៅសម្រាប់ក្រុមឧក្រិដ្ឋជនឆ្លងដែនទាំងនោះ៕









