
រាជធានីបាងកក៖ ក្រុមអតីតយោធារបស់ថៃ កំពុងតែបង្ហាញក្ដីបារម្ភ ហើយជំរុញឱ្យកងទ័ពភូមិភាគ២ និងកងកម្លាំងផ្សេងទៀត ប្រញាប់ប្រញាល់សាងសង់លេណដ្ឋានការពារខ្លួនជាបន្ទាន់នៅតំបន់ប្រាសាទតាមាន់ធំ ព្រោះខ្លាចកម្ពុជាជាម្ចាស់យកមកគ្រប់គ្រងវិញ។

ការផ្អើលឆោឡោនេះបានស្តែងឱ្យឃើញថា ក្រុមអតីតយោធាជើងចាស់របស់ថៃ លែងហ៊ានសង្ឃឹមលើរបងលួសបន្លាដែលខ្លួនបានដាក់ពង្រាយលើដីកម្ពុជាទៀតហើយ ដោយចាំបាច់ត្រូវតែធ្វើលេណដ្ឋានជាបន្ទាន់នៅតំបន់ប្រាសាទតាមាន់ធំ។ កាសែតថៃបានចុះផ្សាយថា ៖«អតីតយោធាមានក្ដីបារម្ភជាខ្លាំង! ពួកគេផ្តល់ដំបូន្មានដល់កងកម្លាំងសុរៈណារី (Suranari) និងកងទ័ពភូមិភាគ២ ឱ្យសាងសង់លេណដ្ឋានជាបន្ទាន់ ។ គ្រាន់តែការរៀបចំរបងលួសបន្លាកាត់តាមតំបន់នោះ គឺមិនគ្រប់គ្រាន់ទេ។ កុំគិតថាប្រាសាទនេះ អាចផ្តល់ជម្រកការពារបានគ្រប់គ្រាន់ឱ្យសោះ! លេណដ្ឋានគួរតែត្រូវបានសាងសង់ភ្លាមៗ...»។ អតីតយោធា២ថៃនាក់ សន្និដ្ឋានថា៖«ប្រសិនបើមានការប៉ះទង្គិចគ្នាកើតឡើង ទាហានកម្ពុជានឹងអាចវាយប្រហារក្នុងចម្ងាយជិត ហើយអាចយកប្រាសាទនេះបានវិញយ៉ាងងាយស្រួល ដោយសារតែរបងលួសបន្លានៅផ្នែកខាងក្រោម មិនអាចទប់ទល់នឹងភាគីកម្ពុជាបានឡើយ»។

សូមជម្រាបថា សង្គ្រាមឈ្លានពានរបស់ភាគីថៃកន្លងទៅ បានបណ្ដាលឱ្យជនស៊ីវិលកម្ពុជាជាច្រើនត្រូវរត់ភៀសខ្លួន។ សូម្បីតែមានកិច្ចព្រមព្រៀងសន្តិភាពហើយក៏ដោយ ក៏ភាគីថៃនៅតែកាន់កាប់តាមតំបន់នានាក្នុងដែនអធិបតេយ្យកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់នាពេលកន្លងមកថា៖«កម្ពុជាមិនអាចទទួលយកជាដាច់ខាតចំពោះការរំលោភបំពានលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ខ្លួ។ មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ គឺតាមរយៈយន្តការបច្ចេកទេសដែលមានមូលដ្ឋានលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់។ ដូច្នេះ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងយល់ព្រម និងចាប់ផ្តើមអនុញ្ញាតឱ្យ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕






