តើជាការពិតទេ...យោធាថៃសម្រុកបញ្ជូនអាវុ.ធធុនធ្ងន់សំដៅមកកាន់ព្រំដែន?
ហៀប ស៊ីថេត
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ កំពុងតែទាក់ទាញការចាប់អារម្មណ៍សាជាថ្មី នោះក៏ដោយសារតែភាពមិនប្រក្រតីបានស្តែងឡើង ក្រោយប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយរបស់ថៃ ឈ្មោះ «THAI PRESS» បានបង្ហោះរូបភាពដោយបើកចំហនៃការចល័តគ្រឿងយុទ្ធោបករណ៍យោធាធុនធ្ងន់ជាច្រើនគ្រឿងតម្រង់បាញ់ឆ្ពោះមកកាន់តំបន់ព្រំដែន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

ការទម្លាយរូបភាពយោធា និងសព្វាវុធថៃបែរទិសទៅរកព្រំដែននេះ កើតឡើងស្របពេលភាគីកម្ពុជា-ថៃ តែងប្រកាសរៀងៗខ្លួនអំពីការហាមឃាត់មិនឱ្យមានការថតរូប ឬវីដេអូចែករំលែកពីការចល័តទ័ព និងសព្វាវុធនៅលើបណ្តាញសង្គម ដើម្បីរក្សាស្ថិរភាពព្រំដែន ហើយជៀសវាងការយល់ច្រឡំ។ ការចុះផ្សាយផ្លូវការរបស់គេហទំព័រ THAI PRESS បានលាតត្រដាងថា៖«កងកម្លាំងនៅអង្គភាពកិច្ចការពិសេសទី៤៩ និងអង្គភាពកិច្ចការពិសេសទី៥៤របស់ថៃ បានចាប់ផ្តើមរចល័តគ្រឿងយុទ្ធោបករណ៍ និងអាវុធយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់តំបន់ជាយដែនហើយ»។

នៅក្នុងការបង្ហោះនោះ រូបភាពចំនួន២ផ្ទាំងធំៗ បានបង្ហាញពីទិដ្ឋភាពគួរឱ្យព្រួយបារម្ភ ដោយរូបភាពទី១ បង្ហាញពីក្បួនរថយន្តសណ្តោងខ្នាតយក្ស កំពុងដឹកជញ្ជូនរថក្រោះប្រភេទវាយប្រហារ និងប្រព័ន្ធរ៉ាដា នៅក្រោមមេឃស្រឡះល្វឹងឆ្ពោះទៅតំបន់ភ្នំជាប់ព្រំដែនកម្ពុជា។ ចំណែកឯ រូបភាពទី២ ទោះបីជាមានភ្លៀងធ្លាក់ និងផ្លូវសើមជោកក៏ដោយ ក៏ក្បួនរថយន្តយោធាថៃរាប់សិបគ្រឿង នៅតែបន្តដឹកជញ្ជូនប្រព័ន្ធកាំភ្លើងធំប្រឆាំងយន្តហោះចម្បាំង និងមីស៊ីលការពារអាកាសស្វ័យចល័ត កំពុងបើកតម្រង់ជួរគ្នាយ៉ាងវែងអន្លាយ។

តើនេះជាចេតនាបំភាន់ភ្នែក ឬជាគម្រោងការណ៍គ្រោងទុកមុនរបស់យោធាថៃ ក្នុងការប្រើប្រាស់អាវុធទំនើបៗទាំងនេះ ដើម្បីធ្វើជាល្បែងចិត្តសាស្ត្របំភិតបំភ័យ និងដើម្បីឈ្លានពានកម្ពុជាសាជាថ្មី...? សូមជម្រាបថា ប្រសិនបើការផ្សព្វផ្សាយរបស់សារព័ត៌មាន THAI PRESS ជាការពិតមែននោះ ស្តែងឱ្យឃើញថា ភាគីថៃអាចនឹងមានមហិច្ឆតាយោធា ឬការត្រៀមលក្ខណៈបង្កហេតុឈ្លានពានលើកម្ពុជាសាជាថ្មី។ ក្រៅពីគោរពកិច្ចព្រៀងសន្តិភាព កម្ពុជា ក៏ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈការពារខ្លួនពីការឈ្លានពានផងដែរ៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត