ចិនជំរុញឱ្យបើកច្រកសមុទ្ទហ័រមូស្សជាប្រញាប់ ដើម្បីស្រោចស្រង់ពាណិជ្ជកម្មពិភពលោក
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ជុំវិញវិបត្តិដ៏ក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ា អ្នកការទូតចចកចម្បាំងចិន លោក វ៉ាង យី (Wang Yi) បានចេញមុខអំពាវនាវឱ្យបើកផ្លូវនាវាចរណ៍ឡើងវិញជាប្រញាប់ និងអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស ដើម្បីធានាថា ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់សកលមិនត្រូវដួលរលំឡើយ...។

លោក វ៉ាង យី 
លោក វ៉ាង យី 

ការប្រកាសអាសន្ននេះ ធ្វើឡើងក្នុងកំលុងពេលដែលប្រមុខការទូតចិនរូបនេះ ពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាម៉ាត់ អ៊ីសាក់ដារ (Mohammad Ishaq Dar)។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ដៃជាមួយគ្រប់ភាគីទាំងអស់ ដើម្បីរុញច្រានកិច្ចចរចាទៅមុខ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។ ដើម្បីដោះស្រាយច្រកសមុទ្ទដ៏តានតឹងនេះ ចិនបានដាក់ចេញនូវរបៀបវារៈអាទិភាពចំនួន៣ភ្លាមៗ៖ ទី១. ពង្រឹងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់, ទី២. បើកច្រកសមុទ្ទហូរមូសឡើងវិញជាបន្ទាន់ ដើម្បីសម្របសម្រួលនាវាចរណ៍អន្តរជាតិ, ទី៣. បង្កើតប្រព័ន្ធសន្តិសុខតំបន់ថ្មីមួយរវាងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដើម្បីកុំឱ្យមានការកកស្ទះជាថ្មី។

ស្របពេលជាមួយគ្នានេះ កិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមបើកផ្លូវក្នុងការផ្គត់ផ្គង់ប្រេងឆៅ ដែលធ្លាប់កកស្ទះ និងជាប់គាំងនៅឈូងសមុទ្ទពែក្ស និងឈូងសមុទ្ទអូមង់ ទោះបីជាស្ថានភាពនយោបាយនៅតែរកាំរកូសក៏ដោយ។ យោងតាមទិន្នន័យនៃការដឹកជញ្ជូនចុងក្រោយ ដកស្រង់ដោយសារព័ត៌មានរ៉យទ័រ នាវាដឹកប្រេងយក្សចំនួន៣គ្រឿង ដែលធ្លាប់ជាប់គាំង និងផ្ទុកប្រេងឆៅរហូតដល់ទៅ៥លានបារ៉ែលនោះ ឥឡូវនេះបានចាប់ផ្តើមបើកបរចាកចេញពីច្រកសមុទ្រហូរមូសហើយ ដោយក្នុងនោះមាននាវា២គ្រឿង កំពុងបោះពួយសំដៅមកកាន់ទីផ្សារតំបន់អាស៊ី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត