ជម្លោះដណ្តើមទឹកប្រើប្រាស់មិនស្មើគ្នា រវាងពលរដ្ឋ២ស្រុកនៅខេត្តកំពង់ធំ ទទួលបានដំណោះស្រាយហើយ
S
Soriya Sou
•
29 មិថុនា 2026 11:56 AM

ក្រុងស្ទឹងសែន៖ អាងស្តុកទឹក៣០កញ្ញា ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្គ ប៉ុន្តែបានផ្តល់ការស្រោចស្រពទៅកាន់ប្រជាពលរដ្ឋនៅស្រុកស្ទោង និងស្រុកកំពង់ស្វាយប្រើប្រាស់រួមផងដែរ។ យ៉ាងណា ក្រោយផ្ទុះជម្លោះដណ្តើមទឹករវាងពលរដ្ឋនៅស្រុកស្ទោង និងពលរដ្ឋនៅស្រុកកំពង់ស្វាយមួយប្រាវ រហូតអាជ្ញាធរសម្រេចបិទប្រព័ន្ធទឹកជាបណ្តោះអាសន្ន ពេលនេះ ទទួលបានដំណោះស្រាយហើយ ក្រោយមានការចុះអន្តរាគន៍ពីលោកអភិបាលរងខេត្តកំពង់ធំ និងមន្រ្តីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦…។

លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ (រូបភាពលើដៃ) និងមន្រ្តីពាក់ព័ន្ធ 
លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ (រូបភាពលើដៃ) និងមន្រ្តីពាក់ព័ន្ធ 

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងប្រាប់អង្គភាព SBM News នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ករណីតវ៉ាពីសំណាក់បងប្អូនប្រជាពលរដ្ឋ២ក្រុមមកពីស្រុកស្ទោង និងស្រុកកំពង់ស្វាយ រឿងបែងចែកទឹកពីអាងស្តុកទឹក៣០កញ្ញា ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក សម្រាប់ស្រោចស្រពផលកសិកម្ម មិនស្មើភាពគ្នា ត្រូវបានដោះស្រាយបញ្ចប់ហើយកាលពីថ្ងៃទី២៨មិថុនា ក្រោមការសម្របសម្រួលពី លោកអភិបាលរងខេត្តកំពង់ធំ អ៊ុង វុទ្ធី និងមន្រ្តីពាក់ព័ន្ធ។ លោកថា មុនមានបញ្ហា ពលរដ្ឋទាំង២ស្រុកបានធ្វើការបែងចែក[វេនថ្ងៃ]គ្នាដើម្បីប្រើប្រាស់ទឹក ហើយបញ្ហានេះបានកើតឡើងដោយសារតែកន្លងមក ពលរដ្ឋស្រុកទាំង២ បានធ្វើការទាមទារយកទឹកទៅម្ខាងៗរៀងៗខ្លួន ពោលគឺដល់វេនភាគី-ក ត្រូវបើកទឹកប្រើប្រាស់ តែភាគី-ខ មិនព្រមឱ្យ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង 
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង 

ក្រោយទទួលដំណឹងពីករណីតវ៉ារបស់ប្រជាពលរដ្ឋ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងមន្រ្តីពាក់ព័ន្ធ ក៏បានមកចុះពិនិត្យដោះស្រាយ និងបានធ្វើការបែងចែក ដោយការបើកទ្វារទឹកជូនពលរដ្ឋទាំង២ស្រុក និងផ្ដល់ជូនបន្ថែមនូវម៉ាស៊ីនបូមទឹកជំនួយ។ លោកបញ្ជាក់ដូច្នេះថា៖«ទ្វារទឹក វាមានទៅឆ្វេង និងទៅស្ដាំ មួយធ្លាក់ទៅស្រុកស្ទោង យើងបើកវាទៅ! ហើយមួយធ្លាក់ទៅស្រុកកំពង់ស្វាយ យើងក៏បើកដែរទៅ! ដោយឡែក ប្រឡាយណាដែលទឹកទៅអត់ដល់ ប្រឡាយនោះទួល គឺដាក់ម៉ាស៊ីនបូម ហើយខាងកំពង់ស្វាយ សុំម៉ាស៊ីន៣គ្រឿង ជាការជួយគាំទ្រដោយក្រសួងធនធានទឹក ចំណែកស្រុកស្ទោង ក្នុងករណីចាំបាច់ក៏ក្រសួងជួយម៉ាស៊ីនបូម ដើម្បីអន្តរាគមន៍ដូចគ្នាដែរ»។ លោកអភិបាលស្រុកស្ទោងអះអាងបន្ថែមថា ករណីនេះ កើតឡើងក៏មានកត្តារួមផ្សំថែមទៀតដែរ ដោយកម្ពុជាកំពុងរងឥទ្ធិពលរលកកម្ដៅអែលនីណូ និងបញ្ហាគ្រោះរាំងស្ងួត។ យ៉ាងណា នេះគ្រាន់តែវិធានការបណ្ដោះអាសន្នរយៈពេលខ្លីប៉ុណ្ណោះ ខណៈរដ្ឋបាលខេត្តបាននិងកំពុងឱ្យមន្ទីរធនធានទឹក រៀបចំធ្វើកិច្ចការងារនេះបន្តទៀតដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត