
ក្រុងស្ទឹងសែន៖ រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានប្រារព្ធពិធីអបអរសាទរ ការចូលមកវិនិយោគរបស់ក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឺរី ខេមបូឌា ឯ.ក (Charles River Laboratories) លើការចិញ្ចឹមសត្វស្វា ក្នុងទឹកដីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៃប្រទេសកម្ពុជា…។

ក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឺរី (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនអាម៉េរិកឈានមុខគេនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្ត្រ។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានឱ្យដឹងថា គម្រោងវិនិយោគទុននេះមានទឹកប្រាក់រហូតដល់៥០០លានដុល្លារអាម៉េរិក។ លោកអះអាងថា គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជា តាមរយៈការបង្កើតការងារថ្មីក្នុងមូលដ្ឋាន, ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, បង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្រ្ត, ការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធវិទ្យាសាស្រ្ត, ការកែលម្អស្តង់ដារសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ។ល។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្ថែមថា ការស្វាគមន៍ និងគាំទ្រការវិនិយោគរបស់ក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន។ ជាពិសេស អនុសញ្ញា CITES ពាក់ព័ន្ធនឹងការចិញ្ចឹម និងការធ្វើពាណិជ្ជកម្មសត្វ។ គម្រោងវិនិយោគដ៏ធំនេះ ក៏ជាបង្គោលចរដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងវិស័យកសិកម្ម វិទ្យាសាស្រ្ត ការស្រាវជ្រាវ និងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ និងដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។

យ៉ាងណា លោកស្នើដល់ក្រុមហ៊ុន CRL និងកសិដ្ឋានផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការចិញ្ចឹមស្វានៅកម្ពុជា ត្រូវដំណើរការប្រកបដោយតម្លាភាព និងអនុលោមតាមច្បាប់ឱ្យបានពេញលេញ ព្រោះការចិញ្ចឹមសត្វស្វាសម្រាប់ការនាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ និងជីវសាស្ត្រដែលមានស្តង់ដារកម្រិតសកល ចាំបាច់ត្រូវអនុវត្តដោយគោរពយ៉ាងតឹងរ៉ឹង តាមស្តង់ដារអន្តរជាតិ នៃសុខុមាលភាពសត្វ, ក្របខ័ណ្ឌសុវត្ថិភាពជីវសាស្ត្រ, ក្រមសីលធម៌វិទ្យាសាស្រ្ត, ការការពារបរិស្ថាន និងធនធានធម្មជាតិជាដើម៕




