
ក្រុងស្ទឹងសែន៖ ស្របពេលដែនជម្រកសត្វព្រៃ«ព្រៃឡង់» បន្តរងការទន្ទ្រានពីជនខិលខូចប្រមាណពី៥ទៅ៦ហិកតា កាលពីខែមេសាកន្លងទៅថ្មីៗ អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន កាលពីថ្ងៃទី១០ឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះទៅត្រួតពិនិត្យទីតាំងជាក់ស្តែង ព្រមទាំងបញ្ជាដាច់ណាត់ឱ្យកងកម្លាំងពាក់ព័ន្ធស្វែងរកជនល្មើសមកដាក់ទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន..។

អំឡុងពេលចុះទៅពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ស្រុកសំបូរ ខេត្តក្រចេះ លោក នួន ផារ័ត្ន បង្ហាញការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ព្រៃឡង់នាពេលនេះ។ ក្នុងន័យនេះ លោកចៅហ្វាយខេត្តបានបញ្ជាឱ្យ៖«មន្ទីរបរិស្ថាន ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ រៀបចំដីការដកហូត[យកដី]ទាំងនោះជាបន្ទាន់ មកធ្វើជាសម្បត្តិរដ្ឋ និងបញ្ជាឱ្យរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នា ត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនប្រព្រឹត្តបទល្មើស ដើម្បីផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុត និងសន្យាផ្ដល់ជូនរង្វាន់ចំពោះជនណាផ្ដល់ព័ត៌មានពីមុខសញ្ញាជនប្រព្រឹត្តលួចកាប់ទន្ទ្រានព្រៃឈើ និងអ្នកនៅពីក្រោយខ្នង ដើម្បីចាប់ឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់»។

អភិបាលខេត្តរូបនេះ ថែមទាំងដាក់បទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ សហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំកែសម្រួលកម្លាំងចម្រុះដែលប្រចាំការនៅទីបញ្ជាការស្រាលឈរជើងក្នុងភូមិសាស្ត្រឃុំសុចិត្រនេះ ដើម្បីបង្កើនការគ្រប់គ្រងនៅតំបន់ឱ្យបាន ដោយមិនឱ្យមានការកាប់ទន្ទ្រានជាថ្មីទៀតឡើយ។ ទន្ទឹមគ្នា ត្រូវចុះល្បាត ឃ្លាំមើល ចាំចាប់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីនាំខ្លួនបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា និងបន្តសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន ដើម្បីរួមគ្នាក្នុងការការពារធនធានធម្មជាតិរបស់យើងឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយទៀត៕





