មន្ត្រីជំនាញ កំណត់អត្តសញ្ញាណជនល្មើសចូលទន្ទ្រានដីសហគមន៍ «ដែនជម្រកសត្វព្រៃបឹងពែរ»
អុន សម្ផស្ស
14 ម៉ោងមុន

ក្រុងស្ទឹងសែន៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អះអាងពីការកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ ដែលពាក់ព័ន្ធនឹងករណីកាប់ទន្ទ្រានដីព្រៃសហគមន៍ ៣ហិកតា ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ..។

ថ្លែងទៅកាន់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោក សោម ស៊ុន ដែលបានដឹកនាំកងកម្លាំងជំនាញពាក់ព័ន្ធចម្រុះ ចុះត្រួតពិនិត្យទីតាំងកាប់ទន្ទ្រានព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ កាលពីថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក ហួត តូ បញ្ជាក់ថា ជនល្មើសដែលទន្ទ្រានដីព្រៃនេះមានចំនួន២គ្រួសារ ត្រូវកងកម្លាំងចម្រុះនៃទីបញ្ជាការស្រាលកំណត់មុខសញ្ញារួចហើយ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។ មន្ត្រីឧទ្យានុរក្សរូបនេះ រៀបរាប់លម្អិតថា ករណីជនល្មើសលួចកាប់ទន្ទ្រាន ព្រៃឈើយកដីធ្វើជាកម្មសិទ្ធិ នៅតំបន់ត្រពាំងកន្សែង និងតំបន់ត្រពាំងតាយស់ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ គឺកើតឡើងអំឡុងពេលកម្លាំងកងទ័ពធ្លាប់ដាក់ពង្រាយទប់ស្កាត់បទល្មើសក្នុងតំបន់មួយចំនួន ត្រូវបានបញ្ជូនទៅបំពេញភារកិច្ចការពារទឹកដី នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

<br />

តាមលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រៃឈើសហគមន៍អូរបញ្ញា ក្នុងដែនជម្រកសត្វព្រៃបឹងពែរ រងការបំផ្លាញ៣ហិកតា ត្រូវបានកម្លាំងចម្រុះខិតខំគ្រប់គ្រងការពារអស់រយៈពេលជិតពីរឆ្នាំមកហើយ ប៉ុន្តែគួរឱ្យសោកស្ដាយបែបជាមកបាត់បង់នៅពេលនេះ។ ក្នុងន័យឆ្លើយតបបន្ទាន់ ចំពោះបញ្ហានេះ លោក សោម ស៊ុន ជំរុញឱ្យស្ថាប័នជំនាញរួសរាន់កសាងសំណុំរឿង លើមុខសញ្ញាល្មើសដែលបានកំណត់អត្តសញ្ញាណរួចនោះ បញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។ ជាមួយគ្នានោះ លោកក៏បានទទូចដល់មន្ត្រីពាក់ព័ន្ធត្រូវរឹបអូសយកផ្ទៃដីរងការកាប់កន្ទ្រានពីសំណាក់ជនខិលខូច ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន​នោះ មកទុកជាសម្បត្តិរដ្ឋឱ្យបាន​ជាដាច់ខាត​។ ក្រៅពីនេះ លោកជំរុញដល់អាជ្ញាធរតំបន់ រួមជាមួយប្រជាពលរដ្ឋសហការគ្នា ថែរក្សាធនធានធម្មជាតិ ដែលកំពុងរងការបំផ្លិចបំផ្លាញឱ្យនៅគង់វង្សទុកជាសម្បត្តិធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត