
ក្រុងស្ទឹងសែន៖ រដ្ឋបាលខេត្តកំពង់ធំ បាននិងកំពុងដោះស្រាយវិវាទប្រជាពលរដ្ឋ៣ស្រុក (ស្រុកស្ទោង និងស្រុកកំពង់ស្វាយ) ដែលបាននាំគ្នាតវ៉ាចំពោះការបែងចែកទឹកប្រើប្រាស់មិនសមភាពនៅអាងស្តុកទឹក៣០កញ្ញា ដោយបានចាត់បញ្ជូនអភិបាលរង១រូប ទៅជួយសម្របសម្រួលស្វែងរកដំណោះស្រាយ ក្រោយពួកគេតវ៉ាប្រឆាំងគ្នា រឿងចែកទឹកស្រោចស្រពដំណាំ...។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ២ក្រុមមកពីស្រុកស្ទោង និងស្រុកកំពង់ស្វាយ បាននាំគ្នាតវ៉ាករណីបែងចែកទឹកពីអាងស្តុកទឹក៣០កញ្ញា ស្ថិតក្នុងប្រាសាទបល្ល័ង្ក សម្រាប់ស្រោចស្រពផលដំណាំ ដោយមិនមានតម្លាភាព និងទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធបែងចែកទឹកសម្រាប់ប្រើប្រាស់លើវិស័យកសិកម្មឱ្យបានសមភាព ខណៈដែលស្រូវរបស់ពួកគាត់កំពុងក្រៀមស្វិតជាបណ្ដើរៗហើយ។ ឆ្លើយតបនឹងសំណួរ SBM News ដែលថា តើពេលនេះ រដ្ឋបាលខេត្តទទួលបានព័ត៌មាន និងបានចាត់មន្រ្តីចុះដោះស្រាយហើយឬនៅ...? លោក ម៉ាក់ ប៊ុនហុង អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នៅថ្ងៃអាទិត្យទី២៨ ខែមិថុនា ឆ្នាំ២០២៦ថា៖«រដ្ឋបាលខេត្ត បានចាត់ចែងហើយ មានអភិបាលរង១រូប គាត់បានទៅសម្របសម្រួលហើយ តែលទ្ធផលយ៉ាងមេចមិនទាន់បានដឹងទេ!»។ សូមជម្រាបថា ដោយសារការចរចាមិនត្រូវគ្នាពីសំណាក់ពលរដ្ឋទាំង២ក្រុម នៅក្នុងថ្ងៃដដែល អាជ្ញាធរបានសម្រេចបិទអាងស្តុកទឹក៣០កញ្ញា ជាបណ្តោះអាសន្ន ដោយរង់ចាំការចុះដោះស្រាយពីមន្រ្តីខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ជុំវិញករណីខាងលើនេះ SBM News នឹងធ្វើការតាមដាន ក៏ដូចជាធ្វើបច្ចុប្បន្នភាពជូនមិត្តអ្នកអាននៅស្អែកបន្តទៀត៕





