
រដ្ឋធានីណៃពិដោ៖ កូនប្រុសពៅរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) គឺ លោក គីម អេរីស (Kim Aris) បានចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត បន្ទាប់ពីរបបសឹកបានអះអាងកាលពីខែមេសាថា ទោសកំហុសរបស់លោកស្រីត្រូវបានបន្ធូរបន្ថយមកត្រឹម១៧ឆ្នាំ និងត្រូវបានផ្លាស់ប្ដូរទីតាំងពីពន្ធនាគារមកឃុំខ្លួនក្នុងផ្ទះវិញ...។

នៅក្នុងកិច្ចសម្ភាសមួយនាទីរាជធានីឡុងដ៍ ប្រទេសអង់គ្លេស ជាកន្លែងលោកកំពុងរស់នៅ លោក គីម អេរីស វ័យ៤៨ឆ្នាំ បានថ្លែងថា លោកមិនជឿថា ម្តាយរបស់លោកដែលមានវ័យជាង៨០ឆ្នាំទៅហើយនោះ ត្រូវបានផ្ទេរទៅឃុំខ្លួនក្នុងផ្ទះឡើយ ពោលគឺលោកស្រីប្រហែលជាកំពុងបន្តជាប់ឃុំក្នុងស្ថានភាពដ៏ដុនដាប នៅក្នុងពន្ធនាគារនៃរដ្ឋធានីណៃពិដោរដដែល ដោយសារតែរហូតមកទល់ពេលនេះ គ្មានភស្តុតាងណាមួយបញ្ជាក់ពីការផ្លាស់ប្ដូរទីតាំងដូចការអះអាងរបស់យោធានោះទេ។ លោកបានបន្ថែមទាំងក្ដីបារម្ភថា៖«ព័ត៌មានតែមួយគត់ដែលយើងទទួលបានអំពីសុខភាពរបស់គាត់ គឺស្ថានភាពគាត់កំពុងតែទ្រុឌទ្រោមទៅៗ» ដោយបច្ចុប្បន្ន លោកស្រីកំពុងយាយីដោយជំងឺបេះដូង និងជំងឺពុកឆ្អឹង ខណៈរូបលោកផ្ទាល់មិនដែលបានទាក់ទង ឬទទួលលិខិតពីមាតាអស់រយៈពេលជាង២ឆ្នាំមកហើយ។

ដើម្បីជាការដាស់តឿនដល់ពិភពលោក និងដើម្បីអបអរសាទរទិវាខួបកំណើតឈានចូលវ័យ៨១ឆ្នាំរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែមិថុនានេះ លោក គីម អេរីស ថែមទាំងបានបង្កើតយុទ្ធនាការជិះក្តារស្គី (Skateboard) ម៉ារ៉ាតុង ចម្ងាយ៨១គីឡូម៉ែត្រ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ។ ទន្ទឹមនឹងយុទ្ធនាការទាមទារឱ្យមានការដោះលែងម្តាយ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសនានា បន្តដាក់សម្ពាធសេដ្ឋកិច្ច និងនយោបាយលើរបបសឹកមីយ៉ាន់ម៉ា ជាពិសេស គឺការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈយោធា ដើម្បីទប់ស្កាត់ការវាយប្រហារតាមអាកាសទៅលើក្រុមគាំទ្រប្រជាធិបតេយ្យ និងពលរដ្ឋស្លូតត្រង់នៅក្នុងសង្រ្គាមស៊ីវិលបច្ចុប្បន្ន៕




