
ទីក្រុងហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) បានទម្លាយរបាយការណ៍ដ៏រន្ធត់មួយ ថា ក្នុងរយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយក្នុងនោះ ជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ។

របាយការណ៍ថ្មីមួយចេញផ្សាយដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីថ្ងៃទី២២ខែថុនា បង្ហាញថា ប្រភពដែលអាចទុកចិត្តបានបានផ្ទៀងផ្ទាត់តួលេខអ្នកស្លាប់យ៉ាងហោចណាស់៧០២នាក់ ចាប់តាំងពីដំណើរការបោះឆ្នោតបានចាប់ផ្តើមក្នុងខែសីហា ឆ្នាំ២០២៥ រហូតដល់បញ្ចប់ទៅវិញក្នុងខែមករា ឆ្នាំ២០២៦។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានស្ត្រីចំនួន២២៤នាក់ និងកុមារតូចៗចំនួន១៥៣នាក់។ គួរបញ្ជាក់ថា ដំណើរការបោះឆ្នោតកន្លងទៅនេះ ត្រូវបានអន្តរជាតិរិះគន់យ៉ាងចាស់ដៃថាជា «ការបោះឆ្នោតឆាកល្ខោន ឬបោកប្រាស់» ព្រោះតែគណបក្សប្រឆាំងធំៗទាំងអស់ត្រូវបានហាមឃាត់មិនឱ្យចូលរួម។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា នៅតែជាមូលហេតុចម្បងដែលបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការបង្ហូរឈាមដល់ពលរដ្ឋស្លូតត្រង់។ តំបន់សាហ្គាំង (Sagaing) ត្រូវបានចាត់ទុកជាសមរភូមិគ្រោះថ្នាក់បំផុត ដោយសារយោធាព្យាយាមវាយដណ្តើមគ្រប់គ្រងទឹកដីឡើងវិញ។ លើសពីនេះ ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ក៏កំពុងរងគ្រោះទ្វេដង ដោយសារការចាប់បង្ខំឱ្យចូលបម្រើកងទ័ពពីសំណាក់ក្រុមប្រដាប់អាវុធអារ៉ាកាន (Arakan Army) ព្រមទាំងប្រឈមនឹងការសម្លាប់ ការចាប់ខ្លួនដោយបំពាន និងអំពើហិង្សាផ្លូវភេទ។

ជុំវិញវិបត្តិដ៏ធ្ងន់ធ្ងរនេះ លោក វ៉ុលកឺ ធើក (Volker Türk) ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងទាំងក្តុកក្តួលថា៖ «ខណៈប្រជាជនមីយ៉ាន់ម៉ាកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង នៅក្រោមដៃរបស់ពួកយោធាទៅហើយនោះ ពេលនេះពួកគេហាក់ដូចជាត្រូវបានពិភពលោកខាងក្រៅបំភ្លេចចោលថែមទៀត។ ការកាត់បន្ថយជំនួយអន្តរជាតិនាពេលបច្ចុប្បន្ន មានតែធ្វើឱ្យការឈឺចាប់ និងទុក្ខវេទនារបស់មនុស្សរាប់លាននាក់កាន់តែធ្លាក់ក្នុងភាពដុនដាបខ្លាំងឡើងប៉ុណ្ណោះ»៕




