
រដ្ឋធានីណៃពិដោ៖ បណ្តាញសង្គមស៊ីវិលដើម្បីជំនួយជនរងគ្រោះនៃការជួញដូរមនុស្ស ហៅកាត់ថា CSNHTV បានទម្លាយរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា មនុស្សជាង៥៣០០នាក់កំពុងបន្តជាប់ឃុំឃាំងនៅក្នុងសម្បុកឆបោកអនឡាញ ក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ា ជាប់ប្រទេសថៃ បើទោះបីជាមានការបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំកាលពីឆ្នាំ២០២៥ក៏ដោយ។

នៅក្នុងលិខិតផ្លូវការមួយផ្ញើទៅកាន់ប៉ូលិសថៃ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមសិទ្ធិមនុស្ស CSNHTV បានជំរុញឱ្យអាជ្ញាធរថៃចាត់វិធានការជាបន្ទាន់ ដោយបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនជាជនបរទេសដែលត្រូវបានបង្ខាំងទុកនៅក្នុងទីតាំងចំនួន៤កន្លែង ក្រោមការគ្រប់គ្រងរបស់ក្រុមឈ្លបប្រដាប់អាវុធមីយ៉ាន់ម៉ា DKBA (Democratic Karen Buddhist Army)។ តាមការប៉ាន់ប្រមាណ ក្នុងចំណោមមនុស្សទាំងនោះ រួមមាន៖ ជនជាតិចិនប្រហែល១៦០០នាក់, ជនជាតិភូមាខ្លួនឯង២០០នាក់, ជនជាតិថៃ២០នាក់ ព្រមទាំងមានពលរដ្ឋមកពីបណ្តាប្រទេសជាច្រើនទៀតដូចជា ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ប្រេស៊ីល រុស្ស៊ី កេនយ៉ា អ៊ូហ្កង់ដា រវ៉ាន់ដា និងស៊ីមបាវ៉េ ជាដើម។

យោងតាមអង្គការសហប្រជាជាតិ (UN) មជ្ឈមណ្ឌលឆបោកអនឡាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្កើតប្រាក់ចំណូលខុសច្បាប់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការបោកប្រាស់ជនរងគ្រោះនៅទូទាំងពិភពលោក ជាពិសេសនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ជនរងគ្រោះភាគច្រើន ត្រូវបានក្រុមជួញដូរមនុស្ស ឆបោកនាំយកទៅដោយខុសច្បាប់ ហើយត្រូវបានបង្ខំឱ្យធ្វើការក្នុងបរិយាកាសគាបសង្កត់ និងរងការធ្វើបាបយ៉ាងធ្ងន់ធ្ងរ។ CSNHTV បានសង្កត់ធ្ងន់ថា វត្តមាននៃទីតាំងបង្ខាំងខ្លួនទាំងនេះ មិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាគំរាមកំហែងសន្តិសុខកម្រិតសកល ព្រោះតែបណ្តាញឧក្រិដ្ឋជនទាំងនោះនៅតែអាចបន្តប្រតិបត្តិការបោកប្រាស់សាច់ប្រាក់រាប់លានដុល្លារពីជនរងគ្រោះ នៅជុំវិញពិភពលោកជារៀងរាល់ថ្ងៃ៕





