ថៃពង្រាយទ័ព និងគ្រឿងយុទ្ធោបករណ៍ពេញស្រុកម៉ែសត ក្រោយយោធាភូមាផ្ទុះសង្គ្រាមផ្ទៃក្នុងនៅទល់ដែន
N
Nary Vann
16 ម៉ោងមុន

រាជធានីបាងកក៖ ស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែនរវាងប្រទេសថៃ និងភូមា ឬមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ដោយកងកម្លាំងចម្រុះរបស់កងទ័ពភូមិន្ទថៃ ត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈប្រយុទ្ធខ្ពស់បំផុត ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ បន្ទាប់ពីមានសញ្ញាបង្ហាញថា គ្រាប់កាំភ្លើងប្លោងបានបាញ់ចេញពីការប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្នុងទឹកដីភូមា ដែលអាចនឹងហោះធ្លាក់ចូលមកក្នុងទឹកដីថៃ...។

យោងតាមការថ្លែងការណ៍របស់លោកឧត្តមសេនីយ៍ទោ វិនថៃ សុវ៉ារី (วินไทย สุวารี) អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានឱ្យដឹងថា កងកម្លាំងពិសេសនរ៉េសូរ្យ នៃភូមិភាគទី៣ កំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍តាមព្រំដែនក្បែរស្រុកម៉ែសត (แม่สอด) នៃខេត្តតាក។ យោងតាមការវាយតម្លៃផ្នែកសន្តិសុខ ការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងកងទ័ពរដ្ឋាភិបាលភូមា និងក្រុមប្រដាប់អាវុធប្រឆាំងរបបសឹក ត្រូវបានគេរំពឹងថា នឹងកើតឡើងនៅចំណុចភូមិ នីញឡាប៉ាន និងភូមិភ្លូ ក្នុងស្រុកម្យ៉ាវ៉ាឌី (မြဝတီ) របស់ភូមា ដែលមានភូមិសាស្ត្រស្ថិតនៅចំទល់មុខនឹងភូមិហួយមហាវង្ស របស់ភាគីថៃ។

លោកឧត្តមសេនីយ៍ទោ វិនថៃ សុវ៉ារី
លោកឧត្តមសេនីយ៍ទោ វិនថៃ សុវ៉ារី

ដោយសារហានិភ័យនៃគ្រាប់កាំភ្លើងប្លោងឆ្លងដែន ដែលអាចកើតមានឡើងជាយថាហេតុ កងកម្លាំងចម្រុះរាជម៉ានូ បានសម្របសម្រួលបញ្ជាឱ្យសាលារៀនបឋមសិក្សាភូមិម៉ែកនគែន ប្រកាសបិទទ្វារជាបណ្តោះអាសន្នរយៈពេលមួយថ្ងៃ ដើម្បីធានាសុវត្ថិភាពជាដាច់ខាត ដល់អាយុជីវិតសិស្សានុសិស្ស និងគ្រូបង្រៀន។ ទន្ទឹមនោះ កងទ័ពថៃ បានរៀបចំកម្លាំងរថពាសដែក យុទ្ធោបករណ៍ និងកងកម្លាំងថ្មើរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីឆ្លើយតបចំពោះការឆ្លងដែនណាមួយដោយអចេតនា។ អាជ្ញាធរថៃ ក៏បានណែនាំឱ្យប្រជាពលរដ្ឋមូលដ្ឋាន បង្កើនការប្រុងប្រយ័ត្នទ្វេដង និងតាមដានព័ត៌មានផ្លូវការដោយយកចិត្តទុកដាក់ ខណៈប៉ុស្តិ៍សន្តិសុខត្រូវបានបើកដំណើរការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលសេចក្តីរាយការណ៍ក្នុងករណីមានអាសន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត