
ក្រុងខេមរភូមិន្ទ៖ រដ្ឋបាលស្រុកថ្មបាំង នៅថ្ងៃអាទិត្យទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការរៀបចំ«ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី» និងផ្សព្វផ្សាយសក្តានុពលកសិទេសចរណ៍នៅក្នុងស្រុកថ្មបាំង ចាប់ថ្ងៃទី១១កក្កដា វេលាម៉ោង១៥:០០នាទីរសៀល និងឆ្លងបុណ្យនៅថ្ងៃទី១២កក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តសិលាមុន្នីគីរីរង្សី (វត្តថ្មបាំងលើ) ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង...។

រដ្ឋបាលស្រុកថ្មបាំង គូសបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីអបអរសាទររដូវប្រមូលផលផ្លែទុរេនដ៏សម្បូរបែប និងលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាមូលដ្ឋានស្រុកថ្មបាំងកាន់ច្រើន និងដោយមានការគាំទ្រពីថ្នាក់ដឹកនាំនៃជួររដ្ឋបាលខេត្តកោះកុងផងនោះ អាជ្ញាធររដ្ឋបាលស្រុកថ្មបាំង នឹងរៀបចំ“ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី”រយៈពេល២ថ្ងៃ ដូចដែលបានជម្រាបជូនខាងលើ។ រដ្ឋបាលស្រុកថ្មបាំង សូមគោរពអញ្ជើញភ្ញៀវកិត្តិយសគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋជិតឆ្ងាយ អាជ្ញាធររដ្ឋបាលឃុំទាំង៦ លោក-លោកស្រី អង្គភាពជុំវិញស្រុក អាជីវករ ពាណិជ្ជករ ម្ចាស់រីសត ផ្ទះសំណាក់ សហគ្រាស អង្គការ សមាគម ម្ចាស់ចម្ការ និងសប្បុរសជននានា អញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីជំរុញឱ្យកម្មវិធីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកសិកម្មក្នុងស្រុកថ្មបាំង មានភាពកាន់តែអធិកអធម។

រដ្ឋបាលស្រុកថ្មបាំង បានសង្កត់ធ្ងន់ថា “ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី” មានគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនស្រុកថ្មបាំងឱ្យកាន់តែល្បីល្បាញ ផ្តល់ឱកាសដល់កសិករ អាជីវករ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្ត និងបានភ្លក្សរសជាតិផ្លែទុរេននៅតំបន់ថ្មបាំង ហើយស្វែងយល់អំពីសក្តានុពលទេសចរណ៍ និងកសិកម្មក្នុងស្រុក។ ការចូលរួមឧបត្ថម្ភពីសប្បុរសជនជាផ្លែឈើ គឺសម្រាប់រៀបចំក្នុងពិធីដូចជា រៀបជាភ្នំ សម្រាប់ភ្ញៀវទស្សនា ធ្វើបាយដំណើបទុរេនសម្រាប់ភ្ញៀវទេសចរភ្លក្សរសជាតិ ក្រោយពេលចប់កម្មវិធី និងយកទៅឧបត្ថម្ភដល់វីរកងទ័ពជួរមុខ៕



