ស្ត្រីទី១នៃកម្ពុជា អញ្ជើញជាអធិបតីនៃពិធីបើក«ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦»

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក«ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦» នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា «សាលាតិចណូ»...។

លោកស្រី ស៊ូ ហ្សូលីដា ប្រធានសមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក បានគោរពជម្រាបជូនលោកជំទាវគណៈអធិបតីថា ពិព័រណ៍នេះ ប្រារព្ធឡើងលើប្រធានបទ«អាជីពក្នុងអន្តរកាល» ពោលគឺស្របពេលដែលប្រទេសកម្ពុជា និងពិភពលោក កំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជានៃការប្រែប្រួលភូមិសាស្ត្រនយោបាយ បញ្ហាប្រឈមនៃសេដ្ឋកិច្ចសកល វិបត្តិសង្គម និងការកើនឡើងយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI។ លោកស្រីមានប្រសាសន៍បន្តថា ការតាំងពិព័រណ៍នេះ មានចំនួន៣៣ស្ដង់, ថ្នាក់តម្រង់ទិសចំនួន១៦ថ្នាក់, កិច្ចពិភាក្សាតុមូលចំនួន២, ជាមួយនឹងការធ្វើបទបង្ហាញរបស់វាគ្មិនកិត្តិយស ដែលប្រព្រឹត្តិទៅត្រឹមតែមួយថ្ងៃនេះប៉ុណ្ណោះ។

ដោយឡែក លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ដោយវាយតម្លៃខ្ពស់ ជូន ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា, និងបណ្តាអន្តរក្រសួងដែលបានរួមសហការគ្នា មានដូចជា៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះឡើង ដើម្បីផ្តល់ឱកាស និងមូលដ្ឋាននៃការគិតគូរជ្រើសរើសជំនាញសិក្សា និងការងារសម្រាប់យុវជនជំនាន់ក្រោយ។ ស្ត្រីទី១នៃកម្ពុជា ក៏បានអរគុណដល់សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក (FUSAAC) ក្នុងឱកាសខួប៣០ឆ្នាំរបស់សមាគម ដែលបានបង្កើតឡើងនៅកម្ពុជា ដោយបានប្រែខ្លួនក្លាយជាស្ពានសម្រាប់ផ្តល់ឱកាស និងផ្តល់គំរូដ៏ល្អជាច្រើនដល់យុវជនជំនាន់ក្រោយ។

ជាមួយគ្នាផងដែរ លោកជំទាវបណ្ឌិត បានគូសរំលេចបន្ថែមនូវការអភិវឌ្ឍធនធានមនុស្ស គឺមិនមែនពេលយុវជនចូលធ្វើការនោះទេ គឺនៅពេលដែលយុវជនចេះចាប់ជំនាញ ឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ ដោយការសួរខ្លួនឯងថា តើខ្ញុំចង់រៀនអ្វី? តើខ្ញុំត្រូវធ្វើអ្វីទៅ ទើបខ្លួនឯងបានលទ្ធផលល្អ? តើសង្គមត្រូវការអ្វី? ហើយតើខ្ញុំអាចរួមចំណែកធ្វើអី្វខ្លះដើម្បីជួយដល់គ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ? មុនបញ្ចប់ លោកជំទាវបណ្ឌិត ក៏បានផ្តល់អនុសាសន៍គន្លឹះចំនួន៥ ដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយដែលរួមមាន៖ ទី១.ការជ្រើសរើសជំនាញសិក្សាដោយការយល់ដឹងរបស់ខ្លួនឯង មិនមែនតាមគេតាមឯង។ ទី២.ការដែលមិនមើលរំលងនូវតម្លៃរបស់មុខជំនាញណាមួយ។ ទី៣.ការរៀនឱ្យចេះ និងបន្តរៀនសូត្រជាប់ជាប្រចាំ។ ទី៤.ការរក្សាសីលធម៌ សុជីវធម៌ គុណធម៌នៅក្នុងខ្លួនជានិច្ច និងទី៥.ការរក្សាស្មារតីដឹងគុណ និងការតបស្នង ពោលគឺជា កតញ្ញូជន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត