លោក ជួន ណារិន្ទ បញ្ជាឱ្យស៊ើបអង្កេតករណីមន្ត្រីប៉ុស្តិ៍នគរបាលកន្ទោក និងប៉ុស្តិ៍នគរបាលចោមចៅ៣ រុញដាក់គ្នាមិនទទួលបណ្តឹងពលរដ្ឋរឿងចោ.រប្ល.ន់

រាជធានីភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធទម្លាយរឿងមន្ត្រីប៉ុស្តិ៍នគរបាលចោមចៅ៣ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រុញជនរងគ្រោះឱ្យទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលកន្ទោក ស្ថិតនៅខណ្ឌកំបូល ដោយមិនទទួលពាក្យបណ្តឹងពលរដ្ឋដែលជាជនរងគ្រោះពីករណីចោរប្លន់ម៉ូតូ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ពេលនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្នងការរងទទួលផែនព្រហ្មទណ្ឌបើកការស្រាវជ្រាវបន្ទាន់...។

សូមជម្រាបថា មានករណីបុរសប្ដីប្រពន្ធពីរនាក់ បាននាំគ្នាទៅផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន បន្ទាប់ពីពួកគេទៅដាក់ពាក្យបណ្តឹងករណីចោរប្លន់ម៉ូតូយកទៅបាត់ កាលពីថ្ងៃទី២៤មិថុនា ឆ្នាំ២០២៦ កន្លងទៅ ប៉ុន្តែត្រូវបានមន្ត្រីប៉ុស្តិ៍នគរបាលចោមចៅ៣ មិនទទួល និងដេញជនរងគ្រោះឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកន្ទោកវិញ ហើយក៏ត្រូវមន្ត្រីប៉ុស្តិ៍នៅទីនោះ មិនទទួលដូចគ្នា។ ដោយអស់សង្ឃឹម ជនរងគ្រោះបានសម្រេចចិត្តមកផ្តល់ព័ត៌មានពីករណីចោរប្លន់ម៉ូតូនេះ ដល់អ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយដល់ថ្នាក់លើបានជ្រាប ខណៈមន្ត្រីនគរបាលថ្នាក់ក្រោមមិនទទួលពាក្យបណ្តឹងពលរដ្ឋដែលជាជនរងគ្រោះឡើយ។ បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាឱ្យលោកស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងទំនាក់ទំនងទៅកាន់បុរសដែលជាម្ចាស់ម៉ូតូ ឱ្យមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក នៅព្រឹកថ្ងៃដដែល ដោយសមត្ថកិច្ច បាននិងកំពុងសួរនាំបុរសម្ចាស់ម៉ូតូអំពីព័ត៌មានលម្អិតនៃករណីចោរប្លន់។

សូមជម្រាបថា ករណីខាងលើ សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវតាមជំនាញ ដោយមន្ត្រីប៉ុស្តិ៍ស៊ើបអង្កេតរកមុខសញ្ញាចោរប្លន់ ឯមន្ត្រីថ្នាក់លើកំពុងស៊ើបអង្កេតករណីមន្ត្រីសមត្ថកិច្ចប៉ុស្តិ៍មិនទទួលពាក្យបណ្តឹងពលរដ្ឋ ដើម្បីធ្វើរបាយការណ៍រាយការណ៍ទៅកាន់ថ្នាក់លើ ធ្វើការវិនិច្ឆ័យទោសទៅតាមបទវិន័យកងកម្លាំងនគរបាលជាតិ ក្នុងករណីរកឃើញកំហុសរបស់មន្ត្រីប៉ុស្តិ៍ទាំងពីរប្រាកដមែន។ គួរបញ្ជាក់ផងដែរថា យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ រាល់ប៉ុស្តិ៍នគរបាលរដ្ឋបាលណាមួយ មិនយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឬបម្រើប្រជាពលរដ្ឋមិនបានល្អ ជាពិសេស មិនទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះ ដោយប្រកាន់ភូមិសាស្ដ្រគ្រប់គ្រងរបស់ខ្លួន ហើយរុញដាក់គ្នាទៅវិញទៅមក បង្កផលវិបាកដល់ប្រជាពលរដ្ឋ មិនទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន ករណីមន្ត្រីថ្នាក់លើ ស្រាវជ្រាវរកឃើញកំហុសឆ្គងពិតប្រាកដ មន្រ្តីនគរបាលរូបនោះ នឹងរងការដាក់ពិន័យរដ្ឋបាលរបស់កងកម្លាំងនគរបាលជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត