លោក គីម ជុងអ៊ុន សម្ញែងផែនការនាវាចម្បាំងទម្ងន់១ម៉ឺនតោន ​និងកងទ័ពនុយក្លេអ៊ែរ
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានប្រកាសយ៉ាងច្បាស់ៗថា ប្រទេសរបស់លោកនឹងបំពាក់អាវុធនុយក្លេអ៊ែរឱ្យទៅកងទ័ពជើងទឹក ព្រមទាំងបន្តសាងសង់នាវាចម្បាំងខ្នាតយក្សបន្ថែមទៀត ស្របពេលរដ្ឋធានីព្យុងយ៉ាង កំពុងសម្រុកពន្លឿន និងពង្រីកឥទ្ធិពលយោធារបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធទី២៤មិថុនានេះ...។

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា ការកត់សម្គាល់របស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ នូវនាវាចម្បាំងធុនធ្ងន់មានឈ្មោះថា «Choe Hyon» នៅក្នុងទីក្រុងកំពង់ផែណាំភូ (Nampho) កាលពីថ្ងៃអង្គារម្សិលមិញ។ នាវាចម្បាំង Choe Hyon នេះ គឺជាប្រភេទនាវាចម្បាំងខ្នាតធំលំដាប់ទម្ងន់៥០០០តោន មួយក្នុងចំណោម២គ្រឿង ដែលប្រទេសឯកោមួយនេះ បានដាក់ប្រតិបត្តិការនៅលើផ្ទៃទឹក កាលពីឆ្នាំមុន។ នៅក្នុងពិធីនោះ មេដឹកនាំរូបនេះ បានសង្កត់ធ្ងន់ថា៖«កម្មវិធីបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹក កំពុងតែដើរទៅមុខតាមផែនការដែលបានកំណត់ទុកយ៉ាងត្រឹមត្រូវបំផុត និងគ្មានការរអាក់រអួលឡើយ។ នេះជាយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុត ព្រោះវានឹងធ្វើឱ្យកម្លាំងនុយក្លេអ៊ែរនៃរដ្ឋរបស់យើង ត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការប្រតិបត្តិការចម្រុះ និងមានប្រសិទ្ធភាពខ្ពស់»។  

លើសពីនេះ មេដឹកនាំកូរ៉េខាងជើង បានទម្លាយផែនការមហិច្ឆតាផងដែរ ពោលគឺបន្ទាប់ពីនាវា Choe Hyon រដ្ឋធានីព្យុងយ៉ាង នឹងដាក់ដំណើរការនាវាពិឃាត ឈ្មោះ «Kang Kon» ក្នុងពេលឆាប់ៗ ហើយនឹងចាប់ផ្តើមផលិតនាវាចម្បាំងយុទ្ធសាស្ត្រខ្នាតយក្សទម្ងន់១ម៉ឺនតោនជាបន្តបន្ទាប់ ដោយកំណត់គោលដៅសាងសង់នាវាលើផ្ទៃទឹកខ្នាតធំឱ្យបាន២គ្រឿងជារៀងរាល់ឆ្នាំ ដើម្បីពង្រីកកម្លាំងជើងទឹករបស់ខ្លួន។ គួរបញ្ជាក់ថា ទោះបីជាកំពុងរងទណ្ឌកម្មអន្តរជាតិជាច្រើនជាន់ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរក៏ដោយ កូរ៉េខាងជើង តែងតែបង្ហាញជំហររឹងត្អឹងម្ដងហើយម្ដងទៀត ដោយមិនបោះបង់ចោលអាវុធយុទ្ធសាស្ត្រនេះជាដាច់ខាត។ រដ្ឋធានីព្យុងយ៉ាង បានចាត់ទុកអាវុធនុយក្លេអ៊ែរ គឺជាខែលការពារខ្លួន និងជាឧបករណ៍កំញើញដ៏សំខាន់បំផុត ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាពីសំណាក់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នៅក្នុងឧបទ្វីបកូរ៉េ ដែលកំពុងមានកម្តៅកើនឡើងជាលំដាប់ នាពេលបច្ចុប្បន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត