គីម ជុងអ៊ុន ប្តេជ្ញាពន្លឿនការផលិតអាវុធ ក្រោយអាម៉េរិក-កូរ៉េខាងត្បូងពួតដៃគ្នាអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានប្ដេជ្ញាចិត្តពន្លឿនការស្ថាបនា និងពង្រឹងសមត្ថភាពយោធារបស់ប្រទេស ឱ្យកាន់តែលឿនជាងមុន ដោយលោកលើកឡើងពីហេតុផលនៃការប៉ុនប៉ងធ្វើទំនើបកម្មយោធារបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការកូរ៉េខាងជើង (KCNA)...។

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន

នៅក្នុងសេចក្តីថ្លែងការណ៍បិទអង្គប្រជុំពេញអង្គរយៈពេល៣ថ្ងៃ របស់គណបក្សពលករកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថា៖«សមមិត្ត គីម ជុងអ៊ុន បានអះអាងជាថ្មី នូវជំហរនយោបាយដ៏រឹងមាំរបស់បក្ស និងរដ្ឋយើង ក្នុងការបង្កើនសមត្ថភាពការពារជាតិឱ្យកាន់តែរហ័ស»។ មេដឹកនាំរូបនេះ បានចោទប្រកាន់ចំៗថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង កំពុងជំរុញឱ្យរដ្ឋធានីសេអ៊ូលក្ដោបក្ដាប់បាននូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងកាន់តែបង្ហាញចរិតលក្ខណៈចំហក្នុងការបង្កើនកម្លាំង និងធ្វើទំនើបកម្មយោធានៅក្នុងតំបន់។ លោកសង្កត់ធ្ងន់ថា ជម្រើសតែមួយគត់របស់កូរ៉េខាងជើង គឺត្រូវតែពង្រីក និងពង្រឹងកម្លាំងទប់ទល់ស្វ័យការពារខ្លួនឱ្យកាន់តែខ្លាំងក្លា និងគួរឱ្យទុកចិត្តបំផុត។

សេចក្តីរាយការណ៍របស់ KCNA បន្ថែមថា អង្គប្រជុំបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទដោយទទួលស្គាល់ថា ស្ថានភាពជាប្រទេសមានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាមាគ៌ាដ៏ត្រឹមត្រូវ និងតែមួយគត់ ក្នុងការឆ្លើយតបប្រកបដោយទំនុកចិត្តចំពោះស្ថានការណ៍យោធា និងនយោបាយអន្តរជាតិដែលមិនអាចទាយទុកមុនបាន។ ជំហរនេះ ត្រូវបានសង្កត់ធ្ងន់បន្ថែមដោយ លោកស្រី គីម យូជុង (Kim Yo Jong) ប្អូនស្រីបង្កើតរបស់លោក គីម កាលពីដើមខែនេះផងដែរថា នយោបាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនអាចត្រឡប់ក្រោយបានឡើយ ដោយសង្កត់ធ្ងន់ថា រដ្ឋធានីព្យុងយ៉ាងគ្មានបំណងបោះបង់ចោលអាវុធយុទ្ធសាស្ត្រទាំងនេះឡើយ។ ក្រៅពីបញ្ហាយោធា អង្គប្រជុំក៏បានបង្ហាញការគាំទ្រពេញទំហឹងលើផែនការធ្វើទំនើបកម្មតំបន់រុករកធ្យូងថ្មទូទាំងប្រទេស ដើម្បីលុបបំបាត់ភាពយឺតយ៉ាវនៃឧស្សាហកម្មមួយនេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត