
រដ្ឋធានីស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់...។

ទប់អារម្មណ៍លែងបាន! លោក ត្រាំ បានស្រែកគំហកដាក់គ្នាយ៉ាងខ្លាំងជាមួយសមាជិកព្រឹទ្ធសភា លោក ប៊ីល ខាស៊ីឌី (Bill Cassidy) បន្ទាប់ពីលោក ខាស៊ីឌី បានដេញដោលឱ្យរដ្ឋបាលរបស់លោក ត្រាំ បកស្រាយពីកិច្ចព្រមព្រៀងក្របខ័ណ្ឌទើបចុះហត្ថលេខា ដែលផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់អ៊ីរ៉ង់ ប៉ុន្តែមិនបានសម្រេចគោលដៅណាមួយដូចដែលលោក ត្រាំ ធ្លាប់បានសន្យាទាល់តែសោះ។ នេះបើយោងតាមប្រភពពីសមាជិកបក្សសាធារណរដ្ឋជាច្រើនរូប។ លោក ខាស៊ីឌី ប្រាប់ទៅកាន់អ្នកសារព័ត៌មាន ៖«ប្រជាជនអាម៉េរិកត្រូវតែដឹងរឿងរ៉ាវឱ្យបានច្រើនជាងអ្វីដែលគេកំពុងលាក់បាំង។ ដំណើរការសង្គ្រាមនេះ មើលទៅហាក់ដូចជាមិនទៅមុខដូចអ្វីដែលគេបានប្រាប់យើងឡើយ»។ យ៉ាងណា លោក ត្រាំ មិនបានរំលឹកពីការឈ្លោះប្រកែកគ្នាជាមួយលោក ខាស៊ីឌី ឡើយ ប៉ុន្តែលោក ត្រាំ បានរិះគន់លទ្ធផលបោះឆ្នោតរបស់ព្រឹទ្ធសភា ប្រាប់ទៅក្រុមអ្នកកាសែតនៅសេតវិមានថា៖«អ៊ីរ៉ង់ឃើញរឿងហ្នឹង គេច្បាស់ជាឆ្ងល់ថា តើវាជារឿងអីទៅវិញ។ ឥឡូវអ្នកដឹងហើយតើថា ការបោះឆ្នោតហ្នឹងវាគ្មានន័យអីទាល់តែសោះ?»។

ការផ្ទុះជម្លោះពាក្យសម្តីខ្លាំងៗនៅក្នុងជួរគណបក្សខ្លួនឯងនេះ បានស្តែងឱ្យឃើញថា សង្គ្រាមអ៊ីរ៉ង់កំពុងក្លាយជាសម្ពាធយ៉ាងធ្ងន់ធ្ងរសម្រាប់លោក ត្រាំ មុនការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ តាមការស្ទង់មតិរបស់រ៉យទ័រ មានប្រជាជនអាម៉េរិកតែម្នាក់ក្នុងចំណោម៤នាក់ ដែលគិតថាសង្គ្រាមនេះមានតម្លៃសមនឹងការលះបង់ ខណៈសន្ទស្សន៍គាំទ្ររបស់លោក ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីលោកចូលកាន់តំណែងឡើងវិញកាលពីដើមឆ្នាំ២០២៥។ ត្រឹមតែប៉ុន្មានម៉ោងក្រោយការជជែកដេញដោលនោះ រដ្ឋបាលលោក ត្រាំ បានដាក់សំណើទៅកាន់សភាភ្លាមៗ ដើម្បីសុំថវិកាចំនួន៧០ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ចំណាយលើសង្គ្រាមនេះ ដែលធ្វើឱ្យកញ្ចប់ថវិកាយោធាសរុបរបស់អាម៉េរិក កើនឡើងដល់ទៅ៨៦៧ពាន់លានដុល្លារ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ បានជួយរំដោះការកកស្ទះនាវាចរណ៍នៅច្រកសមុទ្ទហ័រមូស្ស ដែលធ្វើឱ្យនាវាដឹកប្រេង និងឧស្ម័នធម្មជាតិ ចាប់ផ្តើមដំណើរការឡើងវិញ ដែលជាហេតុធ្វើឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះ៕



