
ខេត្តតាកែវ៖ ឈាមស្រែកស្បែកហៅ! នៅទីបំផុត ក្រុមឃាតក៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនបានហើយ ក្រោយពួកគេព្រួតគ្នាកាប់បុរសម្នាក់ឱ្យស្លាប់លើកៅអី។ ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋថា មានករណីឃាតកម្មយ៉ាងព្រៃផ្សៃបណ្ដាលឱ្យបុរសម្នាក់ឈ្មោះ ប៉ុក លី អាយុ៤៧ឆ្នាំបាត់បង់ជីវិត ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុដើម្បីត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែម រហូតឈានដល់ការចាប់ខ្លួនក្រុមឃាតកទាំង៣នាក់នោះ រួមមាន៖ ទី១ ឈ្មោះ ឈុំ ភក្តី ទី២ ឈ្មោះ សួន សុខណេង និងទី៣ ឈ្មោះ ស៊ឹម រី។

បច្ចុប្បន្ន ក្រុមឃាតកទាំងនោះ រួមទាំងវត្ថុតាងជាកាំបិតផ្គាក់ និងកាំបិតប៉័ងតោ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ។ ចំពោះមូលដែលឈានដល់ការប្រព្រឹត្តអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ សមត្ថកិច្ចនៅមិនទាន់អាចទម្លាយបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ៕






