ត្រូវប្រុងប្រយ័ត្នខ្ពស់! ក្រោយចរាចរច្រើនក្នុងទីផ្សារ ក្រសួងសុខាភិបាល ក៏រកឃើញគ្រឿងសម្អាងដ៏គ្រោះថ្នាក់៥មុខ «ប្រើហើយអាចកើតមហារីកស្បែក ខូចតម្រងនោម និងប៉ះពាល់ប្រព័ន្ធប្រសាទ»
អុន សម្ផស្ស
17 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការរកឃើញផលិតផលគ្រឿងសម្អាងចំនួន៥មុខ ដែលមានផ្ទុកសារធាតុគីមី បារត មើខ្យួរី (Mercury) និង អាស៊ីតសាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្ដង់ដារ បន្ទាប់ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានទិញសំណាកពីទីផ្សារ និងបញ្ជូនទៅវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។

តាមលទ្ធផលវិភាគ ផលិតផលចំនួន៤មុខ មានផ្ទុកសារធាតុបារតលើសកម្រិតស្ដង់ដារ ខណៈផលិតផល១មុខទៀត មានផ្ទុកទាំងសារធាតុបារត និងអាស៊ីតសាលីស៊ីលិចលើសកម្រិតស្ដង់ដារ។ ផលិតផលទាំងនោះរួមមាន៖ N-QUEEN Glow White Lotion, OG Cosmetics Anti Acne & Whitening Night Cream, KissMe Vitamin Plus Premium Night Cream, Bliss Night Cream, និង Na Sar Clarity Advance Night Cream។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា សារធាតុបារតអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដូចជា៖ ខូចតម្រងនោម ប៉ះពាល់ប្រព័ន្ធប្រសាទ និងបង្កហានិភ័យមហារីកស្បែក។ ចំណែកសារធាតុ អាស៊ីតសាលីស៊ីលិច បើមានលើសកម្រិតស្ដង់ដារ អាចបណ្ដាលឱ្យខូចរបាំងការពារស្បែក ស្បែកស្ងួតខ្លាំង របកស្បែក និងរលាកស្បែក

ជាមួយគ្នានេះ ក្រសួងបានអះអាងថា ផលិតផលគ្រឿងសម្អាងទាំង៥មុខខាងលើ ពុំបានចុះបញ្ជីកាពីក្រសួងសុខាភិបាលឡើយ។ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ឱ្យបញ្ឈប់ការចែកចាយ និងប្រើប្រាស់ផលិតផលទាំងនេះ ហើយមុននឹងទិញគ្រឿងសម្អាងគ្រប់ប្រភេទ ត្រូវពិនិត្យឱ្យបានច្បាស់ថា ផលិតផលមានលេខបញ្ជីកាទទួលស្គាល់ពីក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត