ជនបរទេស៥០នាក់ នាំគ្នាលួចប្រព្រឹត្តបទល្មើសឆបោកក្នុងផ្ទះលំហែ មានយីហោឈ្មោះ V Resort នៅក្រុងព្រះសីហនុ
ហាក់ អ៊ីឌី
4 ម៉ោងមុន

ខេត្តព្រះសីហនុ៖ យ៉ាងណាស់មានជនបរទេស៥០នាក់ ត្រូវអាជ្ញាធរកម្ពុជាក្របួចជាប់ ក្រោយពួកគេលបលួចសម្ងំប្រព្រឹត្តបទល្មើសឆបោកអនឡាញក្នុងផ្ទះលំហែមួយ មានយីហោឈ្មោះ V Resort ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ....។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញរបាយការណ៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ថា ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យទីតាំងខាងលើដែលសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាលទ្ធផល អាជ្ញាធរបានរកឃើញមនុស្សសរុប៥០នាក់ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួន រួមមានកុំព្យូទ័រយួរដៃ ទូរសព្ទដៃ និងអាយផេតជាច្រើនគ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ខណៈទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។ ជាមួយគ្នា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ កុំឱ្យចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញគ្រប់រូបភាព មិនថាជាអ្នករៀបចំ អ្នកសហការ អ្នកបម្រើការ ឬអ្នកផ្តល់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសនោះទេ។ ជនណាដែលចូលរួម ឬពាក់ព័ន្ធ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនលើកលែង ឬអនុគ្រោះឡើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត