
ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានបុរសជនជាតិសិន៥នាក់ ត្រូវសមត្ថកិច្ចប្រដេញតាមចាប់បាន ដោយសារពួកគេព្រហើនកោងកាច ហ៊ានបើករថយន្តបំបុកសមត្ថកិច្ច ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីពេលកន្លងទៅថ្មីៗនេះ។ របាយការណ៍ពីសមត្ថកិច្ច ពុំបានបញ្ជាក់ឡើយថា រថយន្តនោះបុកត្រូវ និងបណ្តាលឱ្យសមត្ថកិច្ចមានរបួសឬក៏អត់។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះថា កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការដេញស្ទាក់ចាប់រថយន្តចំនួន២គ្រឿង ដែលបើកបំបុកសមត្ថកិច្ច ហើយរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៥នាក់។

ពេលចាប់បាន អាជ្ញាធរ ក៏រកឃើញសម្ភារមួយចំនួនសម្រាប់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ រួមទាំងកាំភ្លើងខ្លី១ដើមផងដែរ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕











