
រដ្ឋធានីម៉ានីល៖ ទីភ្នាក់ងារគ្រោះរញ្ជួយដីរដ្ឋហ្វីលីពីន Phivolcs (ហ្វ៊ីវ៉ូលស៍) បានប្រកាសថា គ្រោះរញ្ជួយដី១ថ្មីទៀត ដែលមានកម្រិត៦,៦រ៉ិចទ័រ បានវាយប្រហារកោះមីនដាណាវ (Mindanao) ម្តងទៀត ដែលស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧,៨រ៉ិចទ័រ ទើបតែបានវាយប្រហារកោះនេះ កាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅ។

ការព្យាកររបស់ទីភ្នាក់ Phivolcs បង្ហាញថា អាចនឹងមានគ្រោះការរញ្ជួយដីបន្ទាប់បន្សំកើតឡើងបន្ថែមទៀត ប៉ុន្តែមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិឡើយ។ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយលើការខូចខាត និងជនរងគ្រោះ ក្នុងគ្រោះរញ្ជួយដីថ្មីនេះទេ។

សូមរម្លឹកថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា កម្រិត៧,៨រ៉ិចទ័រ ដែលទើបតែកើតឡើងនៅកោះមីនដាណាវនេះ កាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅ បានឆក់យកជីវិតមនុស្ស៨១នាក់ និងមានមនុស្សជាង១ពាន់នាក់ផ្សេងទៀតបានរងរបួស៕




