Update គ្រោះរញ្ជួយដី៧,៨រ៉ិចទ័រនៅហ្វីលីពីន៖ ស្លា.ប់មនុស្ស១៥នាក់ និងរបួសជាង១០០នាក់ ខណៈអគារជាច្រើនខ្នងរលំខ្ទេចខ្ទី
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិតធ្ងន់៧,៨រ៉ិចទ័រ នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់១៥នាក់ និងមនុស្សច្រើនជាង១០០នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការទម្លាយឱ្យដឹងពីមន្ត្រីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បន្ទាប់ពីគ្រោះធម្មជាតិដ៏កាចសាហាវមួយនេះ បានវាយប្រហារឆ្នេរសមុទ្ទនៃកោះមីនដាណាវ (Mindanao) នៅព្រឹកថ្ងៃចន្ទទី៨មិថុនានេះ បង្កឱ្យមានការបាក់រលំអគារជាច្រើន និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅទូទាំងតំបន់...។

ឆ្លើយតបនឹងគ្រោះមហន្តរាយនេះ អាជ្ញាធរហ្វីលីពីនបានជំរុញ និងបង្ខំចិត្តឱ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេររងផលប៉ះពាល់ ត្រូវប្រញាប់ប្រញាល់ផ្លាស់ទីទៅកាន់ទីទួលមានសុវត្ថិភាពជាបន្ទាន់ ក្រោយការរញ្ជួយដីបានកើតឡើងនៅប៉ែកខាងត្បូងទីក្រុង General Santos មានប្រជាជនរស់នៅប្រមាណ៧សែន២ម៉ឺននាក់។ ជាងនេះទៅទៀត យោងតាមស្ថាប័នស្រាវជ្រាវភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក បានឱ្យដឹងថា រលកញ័ររញ្ជួយបន្ទាប់បន្សំយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ បានវាយប្រហារតំបន់នោះ រយៈពេលពីរម៉ោងក្រោយការរញ្ជួយដីលើកដំបូង ដោយក្នុងនោះ កម្លាំងញ័រដេញតាមក្រោយដែលខ្លាំងបំផុតមានកម្រិតដល់ទៅ៦,៥រ៉ិចទ័រ

ផ្អែកតាមវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឱ្យឃើញពីទិដ្ឋភាពដ៏រន្ធត់នៃមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែងមានហាងអាហារ Jollibee បានបាក់រលំខ្ទេចខ្ទីនៅក្នុងទីក្រុង General Santos។ ជុំវិញសោកនាដកម្មនេះ ប្រធានាធិបតី លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានចេញបញ្ជាឱ្យបើកប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយជាបន្ទាន់ នៅលើកោះមីនដាណាវ ដែលជាកោះមានទំហំប៉ុនប្រទេសកូរ៉េខាងត្បូង ដោយបានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំផ្គត់ផ្គង់ជំនួយសង្គ្រោះ មជ្ឈមណ្ឌលជម្លៀសពលរដ្ឋ និងត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ ដែលអាចកើតមាន។

គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះ បានកើតឡើងបន្ទាប់ពីរយៈពេល៨ខែ ដែលហ្វីលីពីនបានរងគ្រោះរញ្ជួយដីស្លាប់ជីវិតមនុស្សច្រើនបំផុត ក្នុងរយៈពេល១២ឆ្នាំ ដោយកាលនោះគ្រោះរញ្ជួយដីជម្រៅរាក់កម្រិត៦,៩រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្ទ នៃកោះសេប៊ូ Cebu បានសម្លាប់មនុស្ស៧៩នាក់ ហើយពីរសប្តាហ៍បន្ទាប់មក កោះមីនដាណាវក៏បានរងការវាយប្រហារដោយការរញ្ជួយដីខ្លាំងក្លាចំនួនពីរលើកទៀត ដែលខ្លាំងបំផុតមានកម្រិត៧,៤រ៉ិចទ័រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត