ហេតុការណ៍បា.ញ់ប្រ.ហារដ៏រន្ធត់មួយនៅសាលារៀនក្នុងប្រទេសហ្វីលីពីន បណ្ដាលឱ្យមនុស្ស៣ស្លា.ប់ និង៥នាក់រងរបួស
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីម៉ានីល៖ ប៉ូលិសហ្វីលីពីន អះអាងនៅថ្ងៃចន្ទទី២២ ខែមិថុនានេះថា មនុស្ស ៣នាក់ត្រូវបានបាញ់សម្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាលារៀន ស្ថិតនៅភាគកណ្តាលនៃប្រទេសហ្វីលីពីន...។

ប៉ូលិសបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ បន្ទាប់ពីបាញ់ប្រហារនៅសាលាវិទ្យាល័យជាតិសានចូសេ (San Jose National High School) ក្នុងទីក្រុងតាខ្លូប៊ែន(Tacloban) នៃខេត្តឡីតេ (Leyte)។ ស្នងការដ្ឋាននគរបាលទីក្រុងតាខ្លូប៊ែន កំពុងបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុនៅពីក្រោយការកើតឡើងនៃហេតុការណ៍នេះ។ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតនោះ ដើម្បីទទួលការព្យាបាល។ ការិយាល័យនគរបាលភូមិភាគ៨ នៃប្រទេសហ្វីលីពីន បានដាក់ពង្រាយកងកម្លាំងបន្ថែមនៅសាលារៀន ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស បុគ្គលិក មាតាបិតា និងសហគមន៍ជុំវិញនោះ។ អាជ្ញាធរបានអំពាវនាវដល់សាធារណជនកុំចែកចាយព័ត៌មាន ដែលមិនទាន់មានការផ្ទៀងផ្ទាត់ និងសហការជាមួយក្រុមអ្នកស៊ើបអង្កេត។

គួរជម្រាបថា ហេតុការណ៍បែបនេះ គឺកម្រកើតមានណាស់នៅក្នុងប្រទេសហ្វីលីពីន ខណៈករណីបាញ់ប្រហារនៅតាមសាលារៀន កើតឡើងតែម្ដងម្កាលប៉ុណ្ណោះ។ គេនៅចាំបានថា កាលពីខែកក្កដា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្នុងពិធីប្រគល់សញ្ញាបត្រនៃសាលាច្បាប់សាកលវិទ្យាល័យ អាតេណេអូ ឌឺ ម៉ានីឡា (Ateneo de Manila) ក្នុងទីក្រុងក្វេហ្សូន (Quezon) ដោយបានសម្លាប់មនុស្ស ៣នាក់ រួមទាំងអតីតអភិបាលក្រុងឡាមីតាន់ (Lamitan) គឺ លោកស្រី រ៉ូស ហ្វូរីហ្គេ (Rose Furigay) ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត