រញ្ជួយដីកម្រិតធ្ងន់៧,៨រ៉ិចទ័រ៖ ហ្វីលីពីន ឥណ្ឌូណេស៊ី និងជប៉ុន ប្រកាសអាសន្នរលកយក្សស៊ូណាមិបន្ទាន់
N
Nary Vann
17 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧,៨រ៉ិចទ័រ ក្នុងជម្រៅដី១០គីឡូម៉ែត្រ បានវាយប្រហារនៅឆ្នេរសមុទ្ទនៃកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទទី៨ ខែមិថុនានេះ...។

គ្រោះរញ្ជួយដីនេះ បានបង្ខំឱ្យទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាម៉េរិក ប្រកាសអាសន្នពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិបន្ទាន់។ ជាមួយគ្នា ប្រទេសជប៉ុន ក៏បានចេញសេចក្តីណែនាំប្រុងប្រយ័ត្នពីរលកស៊ូណាមិ នៅតាមបណ្តោយឆ្នេរសមុទ្ទប៉ាស៊ីហ្វិករបស់ខ្លួនផងដែរ។ ភាគីហ្វីលីពីនបានព្រមានថា រលកអាចមានកម្ពស់ខ្ពស់ជាង១ម៉ែត្រ និងអាចអូសបន្លាយរយៈពេលរាប់ម៉ោង។

គិតត្រឹមពេលនេះ មិនទាន់មានរបាយការណ៍ពីការខូចខាតទ្រង់ទ្រាយធំ ឬមានអ្នកបាត់បង់ជីវិតឡើយ ប៉ុន្តែវាត្រូវបានគេចាត់ទុកជាការរញ្ជួយដីដ៏ខ្លាំងបំផុតមួយ ដែលបណ្ដាលឱ្យអគាររដ្ឋមួយចំនួនប្រេះស្រាំ និងធ្វើឱ្យប្រជាពលរដ្ឋដួលសន្លប់ដោយសារការភិតភ័យ។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី គឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់សកម្មភាពភូមិសាស្ត្រដ៏ស្មុគស្មាញនៃ«ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក» ជាខ្សែក្រវាត់រញ្ជួយដីយ៉ាងសកម្ម លាតសន្ធឹងតាំងពីអាម៉េរិកខាងត្បូង រហូតដល់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត