
រដ្ឋធានីម៉ានីល៖ សហរដ្ឋអាម៉េរិក បានសម្រេចផ្ទេរយានក្រោមទឹកស្វ័យប្រវត្តិកម្រិតខ្ពស់ ប្រភេទ Ocean Aero Triton ចំនួន៤គ្រឿង ជូនដល់កងទ័ពភូមិន្ទហ្វីលីពីន កាលពីថ្ងៃទី២២មិថុនា។ យុទ្ធោបករណ៍ទំនើបកម្មជំនាន់ថ្មីនេះ មានតម្លៃសរុបប្រមាណជាង ១៣លានដុល្លារអាម៉េរិក ដែលជាជំនួយឧបត្ថម្ភសន្តិសុខដ៏ធំមួយ ក្នុងការពង្រឹងសមត្ថភាពការពារបូរណភាពដែនសមុទ្ទរបស់រដ្ឋធានីម៉ានីល...។

យានក្រោមទឹកស្វ័យប្រវត្តិកម្រិតខ្ពស់ប្រភេទ Triton ទាំងនេះ គឺជាបច្ចេកវិទ្យាយោធាចុងក្រោយបង្អស់ ដែលអាចដើរដោយថាមពលពន្លឺព្រះអាទិត្យ អនុញ្ញាតឱ្យពួកវាអាចបើកបរស្វ័យប្រវត្តិកាត់រលក និងមុជចុះក្រោមបាតសមុទ្ទ បានរហូតដល់ទៅ៣០ថ្ងៃជាប់ៗគ្នា ដោយមិនបាច់មានមនុស្សបើកឡើយ ដើម្បីប្រមូលទិន្នន័យសន្តិសុខ និងបញ្ជូនត្រឡប់មកបញ្ជាការដ្ឋានវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូត បានគូសបញ្ជាក់ថា ការដោះដូរ និងប្រគល់យុទ្ធោបករណ៍ទំនើបកម្មនាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាម៉េរិក ចំពោះសម្ព័ន្ធភាពយោធាជាមួយរដ្ឋធានីម៉ានីល ព្រមទាំងដើម្បីជួយលើកកម្ពស់សមត្ថភាពរបស់កងទ័ពហ្វីលីពីន ក្នុងការស្វែងរក ឃ្លាំមើល និងឆ្លើយតបចំពោះរាល់ការប្រឈមមុខនានា នៅលើដែនសមុទ្ទ ជាពិសេស នៅក្នុងតំបន់សមុទ្ទចិនខាងត្បូង ដែលកំពុងមានជម្លោះយ៉ាងក្តៅគគុក។

ស្ថានទូតសហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់បន្ថែមថា៖«ការប្រគល់ជូននេះ បង្ហាញឱ្យឃើញថា តាមរយៈការតម្រង់ទិសលើការវិនិយោគ ការហ្វឹកហ្វឺន និងការចែករំលែកស្ដង់ដាររួមគ្នា នឹងអាចបំប្លែងទៅជាសមត្ថភាពការពារជាតិដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុត ក្នុងការទប់ស្កាត់ការឈ្លានពាន ព្រមទាំងរួមចំណែកទ្រទ្រង់ដល់ស្ថិរភាពនៅក្នុងតំបន់ទាំងមូល»។ គួរបញ្ជាក់ថា យានសមុទ្ទធុន Triton នេះ មានសមត្ថភាពពិសេស អាចរុករក និងប្រមូលទិន្នន័យបានទាំងនៅលើផ្ទៃទឹក និងការមុជចុះទៅក្នុងបាតសមុទ្ទជ្រៅ ដែលនឹងក្លាយជាភ្នែកទិព្វដ៏សំខាន់របស់ហ្វីលីពីន ក្នុងការប្រជែងឥទ្ធិពលដែនទឹកជាមួយប្រទេសចិន៕



