តៃវ៉ាន់បើកសមយុទ្ធ៥ថ្ងៃជាប់គ្នាជាបន្ទាន់ ក្រោយចិនបញ្ជូនយន្តហោះចម្បាំងឡោមព័ទ្ធផ្អើលដែនទឹក
N
Nary Vann
2 ថ្ងៃមុន

ទីក្រុងតៃប៉ិ៖ កងទ័ពកោះតៃវ៉ាន់ បានចាប់ផ្តើមបើកធ្វើសមយុទ្ធត្រៀមលក្ខណៈប្រយុទ្ធរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃសុក្រទី២៦ ខែមិថុនា។ សមយុទ្ធនេះ គឺជាផ្នែកមួយនៃផែនការធ្វើទំនើបកម្មយោធា ដោយប្តូរពីការផ្តោតលើទ្រឹស្តី មកជាការធ្វើសមយុទ្ធជាក់ស្តែង ដើម្បីត្រៀមទប់ទល់នឹងសង្រ្គាមពិតប្រាកដ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា សមយុទ្ធនេះ មានគោលបំណងពង្រឹងសមត្ថភាពកងទ័ពគ្រប់លំដាប់ថ្នាក់ឱ្យស៊ាំទៅនឹងការអនុវត្តការប្រយុទ្ធ និងបរិស្ថានសមរភូមិជាក់ស្តែង ក៏ដូចជាជួយជំរុញល្បឿននៃការផ្លាស់ប្ដូរពីរដ្ឋធម្មតាក្នុងសម័យសន្តិភាព ទៅជារដ្ឋត្រៀមប្រយុទ្ធក្នុងសម័យសង្រ្គាមផងដែរ។ ប្រតិបត្តិការហ្វឹកហ្វឺននេះ នឹងត្រូវធ្វើឡើងដោយប្រើប្រាស់កងទ័ពពិតប្រាកដ នៅលើភូមិសាស្ត្រពិត ក្នុងពេលវេលាជាក់ស្តែង ព្រមទាំងប្រើប្រាស់គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ពិតៗ ដើម្បីពង្រឹងប្រព័ន្ធបញ្ជាការរួម ការផ្គត់ផ្គង់ភស្តុភារយោធា និងការរៀបចំសមរភូមិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការប្រកាសបើកសមយុទ្ធរបស់តៃវ៉ាន់នេះ បានធ្វើឡើងចំថ្ងៃតែមួយ ដែលប្រទេសចិនបានបញ្ជូនយន្តហោះយោធាធំៗចំនួន២១គ្រឿង រួមមានយន្តហោះចម្បាំងប្រភេទ J-16, យន្តហោះផ្តល់សញ្ញាជាមុនធុនប្រភេទ KJ-500 និងយន្តហោះចាក់ប្រេងលើអាកាសប្រភេទ Y-20 ឱ្យហោះហើរកាត់ដែនអាកាសក្បែរកោះតៃវ៉ាន់ ដោយក្នុងនោះមាន១៩គ្រឿងបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសភាគនិរតីរបស់តៃវ៉ាន់ និងតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីហ្វឹកហ្វឺនចម្ងាយឆ្ងាយ។ ភ្លាមៗនោះ តៃវ៉ាន់ក៏បានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នេះតាមការគួរផងដែរ ខណៈសមយុទ្ធប្រចាំឆ្នាំដ៏ធំបំផុតរបស់តៃវ៉ាន់ ហៅថា Han Kuang (ហាន គួង) អាចនឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត