
រដ្ឋធានីប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចេញមុខរិះគន់ចំៗលើប្រព័ន្ធគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ ដោយថ្លែងថា ក្រុមប្រទេសកំពុងអភិវឌ្ឍ ឬសកលលោកខាងត្បូង កំពុងខ្វះខាតតំណាង និងសំឡេងស្មើភាពគ្នានៅលើឆាកអន្តរជាតិ ចំពេលពិភពលោកកំពុងធ្លាក់ក្នុងវិបត្តិជម្លោះនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយ ក្នុងរដ្ឋធានីប៉េកាំង សម្រាប់ការចេញផ្សាយ«សៀវភៅស ឬ White Paper) ដែលរៀបរាប់អំពីវិធីសាស្ដ្រក្នុងការធ្វើឱ្យអភិបាលកិច្ចសកលលោកមានភាពយុត្តិធម៌ និងសមធម៌ជាងមុន។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា៖«បណ្តាប្រទេសនានា មិនថាធំឬតូច ខ្លាំងឬខ្សោយ អភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍនោះទេ គឺសុទ្ធតែជាសមាជិកស្មើគ្នានៃសហគមន៍អន្តរជាតិ»។ លោក វ៉ាង បានបន្តថា បញ្ហាប្រឈមថ្មីៗដែលកើតឡើងបន្តបន្ទាប់គ្នាយ៉ាងលឿនបែបនេះ បានបង្កជាវិបត្តិសកលលោកដែលជំពាក់ជំពិនគ្នាយ៉ាងស្មុគស្មាញ។ ប្រមុខការទូតមហាយក្សចិនរូបនេះ ប្រើពាក្យប្រៀបធៀបដូច្នេះថា៖«កប៉ាល់នៃអារ្យធម៌មនុស្ស បានឈានចូលដល់ដែនទឹកដ៏គ្រោះថ្នាក់ ដែលពោរពេញទៅដោយថ្មប៉ប្រះទឹកលាក់ខ្លួន និងព្យុះសង្ឃរាបោកបក់យ៉ាងខ្លាំងក្លា»។

លោកបន្តទៀតថា ជម្លោះទាំងឡាយបានលាតត្រដាងឱ្យឃើញពីទំនាស់ដ៏ជ្រាលជ្រៅ ខណៈព្រឹត្តិការណ៍ហង្សខ្មៅ និងរមាសប្រផេះ កំពុងតែលេចឡើងជាបន្តបន្ទាប់។ ព្រឹត្តិការណ៍ហង្សខ្មៅ និងរមាសប្រផេះ សំដៅលើគ្រោះថ្នាក់ដែលកើតឡើងដោយនឹកស្មានមិនដល់ ឬការគំរាមកំហែងដែលត្រូវបានគេមើលរំលងទាំងដឹងមុន។ លោក វ៉ាង យី បានជំរុញឱ្យមានកិច្ចប្រឹងប្រែងដើម្បីប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការឈប់បាញ់គ្នានៅមជ្ឈិមបូព៌ា ដោយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យរួមគ្នាបង្កើតមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធសន្តិសុខប្រកបដោយចីរភាពនៅក្នុងតំបន់។ ជាទូទៅ ប្រទេសចិនតែងតែព្យាយាមបង្ហាញខ្លួនឯងថាជា «អ្នកផ្សះផ្សាសន្តិភាព» នៅក្នុងជម្លោះនានា ទាំងនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ដោយជំរុញឱ្យមានការចរចា៕



