លោក ស៊ី ជីនពីង ប្រកាសគាំទ្រមេដឹកនាំថ្មីមីយ៉ាន់ម៉ាពេញទំហឹង
N
Nary Vann
17 មិថុនា 2026 08:30 AM

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចេញមុខគាំទ្រយ៉ាងពេញទំហឹងចំពោះភាពជាមេដឹកនាំនយោបាយរបស់ប្រធានាធិបតីថ្មីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅក្នុងជំនួបកំពូលមួយនៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៦មិថុនានេះ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេលអនាគត។

លោក មីន អ៊ុងឡាំង និងលោក ស៊ី ជីនពីង
លោក មីន អ៊ុងឡាំង និងលោក ស៊ី ជីនពីង

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV លោក ស៊ី ជីនពីង បានថ្លែងទៅកាន់មេដឹកនាំមីយ៉ាន់ម៉ានៅក្នុងមហាសាលប្រជាជនថា លោកមានឆន្ទៈក្នុងការបន្តពង្រឹងភាពជាអ្នកដឹកនាំ បន្តវេនចំណងមិត្តភាពដូចបងប្អូន និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបបិទទ្វារដែលមានរយៈពេលជិតមួយម៉ោងនោះ មេដឹកនាំទាំងពីរបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ចំនួន១៨ច្បាប់ ដែលគ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងអនុតំបន់មេគង្គ ពាណិជ្ជកម្មសេរី ជំនួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ វិស័យសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ

ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោក មីន អ៊ុងឡាំង ទៅកាន់ប្រទេសចិននាពេលនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោក គិតចាប់តាំងពីអតីតមេទ័ពរូបនេះបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតនាពេលកន្លងទៅ។ ប្រទេសចិននៅតែជាដៃគូបរទេសដ៏សំខាន់បំផុតមួយសម្រាប់របបសឹកមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០២១។ ក្រុមអ្នកវិភាគបានវាយតម្លៃថា ជំនួបជាមួយលោក ស៊ី ជីនពីង មិនត្រឹមតែបង្ហាញពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងរដ្ឋធានីប៉េកាំង និងរដ្ឋធានីណៃពិដោប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការជួយជ្រោមជ្រែង និងបង្កើនការទទួលស្គាល់មេដឹកនាំរូបនេះនៅលើឆាកអន្តរជាតិផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត