នៅមិនសុខ! ថៃចាប់ដៃអូស្ត្រាលី ធ្វើសមយុទ្ធរថពាសដែក និងការរៀនរស់ក្នុងព្រៃ
ហៀប ស៊ីថេត
2 ថ្ងៃមុន

រាជធានីបាងកក៖ ស្របពេលស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅបន្តភាពតានតឹង កងទ័ពជើងគោកភូមិន្ទថៃ និងអូស្ត្រាលី បានចាប់ផ្តើមបើកសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយ មានឈ្មោះថា «Chapel Gold 2026» នៅក្នុងខេត្តព្រះជិនបុរី (ปราจีนบุรี) ដោយមានកងទ័ពជាង៥៥០នាក់ចូលរួម។ ការហ្វឹកហ្វឺនបានធ្វើឡើងនៅឯបន្ទាយចក្រពង្ស (จักรพงษ์) ផ្តោតសំខាន់លើជំនាញយុទ្ធវិធី ការរស់រានមានជីវិតក្នុងព្រៃ និងការបញ្ជាគ្រឿងយន្តធុនធ្ងន់ និងរថពាសដែក...។

សមយុទ្ធ Chapel Gold 2026 ត្រូវបានប្រព្រឹត្តឡើងស្ងាត់ៗចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ខណៈសមយុទ្ធនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងចំពេលកងទ័ពថៃ កំពុងបង្កើនការយាយីនៅតាមបណ្តោយព្រំដែនភាគខាងកើតជាមួយកម្ពុជា ពោលគឺក្រោយពេលគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់ កំលុងពេលបើកការឈ្លានពាន កាលពីចុងឆ្នាំ២០២៥កន្លងទៅថ្មីៗ។ យោធាភូមិភាគ១ របស់ប្រទេសថៃ បានបញ្ជូនកងកម្លាំងជាង៤០០នាក់ ដើម្បីចូលរួមក្នុងការហ្វឹកហ្វឺននេះ រួមជាមួយកងទ័ពអូស្ត្រាលីជាង១៥០នាក់ មកពីក្រុមហ៊ុនកងកាំភ្លើងធំ Rifle Company Butterworth 148 នៃកងទ័ពជើងគោកអូស្ត្រាលី។ សមយុទ្ធហ្វឹកហ្វឺននេះ ធ្វើឡើងនៅបន្ទាយចក្រពង្សនៃខេត្តព្រះជិនបុរី ជាប់ខេត្តស្រះកែវ កៀកនឹងព្រំដែនកម្ពុជា។

នៅក្នុងការហ្វឹកហ្វឺន ទាហានប្រទេសទាំង២ បានហ្វឹកហាត់ជាច្រើនទម្រង់ រួមមាន៖ គំរូប្រតិបត្តិការយុទ្ធវិធី ការរៀនរស់នៅក្នុងព្រៃ ការបាញ់កាំភ្លើងតាមយុទ្ធវិធី និងប្រតិបត្តិការអង្គភាពរថពាសដែក។ យោធាទាំង២ប្រទេស​ ក៏បានផ្លាស់ប្ដូរចំណេះដឹង បទពិសោធ និងជំនាញនៃការយល់ដឹងអំពីការរស់នៅក្នុងព្រៃ កំលុងពេលសង្គ្រាមផ្ទុះឡើងផងដែរ។ កងទ័ពជើងគោកភូមិន្ទថៃ ជឿជាក់ថា សមយុទ្ធរួមគ្នា Chapel Gold 2026 នេះ មិនត្រឹមតែជួយពង្រឹងជំនាញ និងការត្រៀមលក្ខណៈប្រយុទ្ធរបស់កងកម្លាំងប្រទេសទាំង២ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមខ្លួនដើម្បីធ្វើប្រតិបត្តិការ ឬបេសកកម្មផ្សេងៗ ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។

សូមជម្រាបថា សមយុទ្ធរួមគ្នា Chapel Gold គឺជាការហ្វឹកហ្វឺនយុទ្ធវិធីរវាងកងទ័ពជើងគោកភូមិន្ទថៃ និងកងទ័ពជើងគោកអូស្ត្រាលី ចាប់ពីកម្រិតកងអនុសេនាតូច រហូតដល់កម្រិតវរសេនាតូច។ សមយុទ្ធនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្ដូរទីតាំងហ្វឹកហ្វឺនវិលជុំទៅតាមតំបន់យោធាផ្សេងគ្នាក្នុងមួយឆ្នាំៗ។ គួរបញ្ជាក់ថា សមយុទ្ធនេះ ធ្វើឡើងស្របពេលស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា នៅតែបន្តតានតឹង និងកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមជ្ឈដ្ឋានអន្តរជាតិ ខណៈថ្មីៗនេះ យោធាថៃប្រកាសក្តែងៗថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការប្រឈមមុខគ្រប់កម្រិត និងត្រៀមយន្តហោះចម្បាំង F-16 និង Gripen ចេញប្រតិបត្តិការ២៤ម៉ោងលើ២៤ម៉ោង ករណីមានជម្លោះព្រំដែនជាមួយកម្ពុជា ជាថ្មី។ ដូច្នេះ យោធាកម្ពុជា ដែលកំពុងរងការឈ្លានពានពីសត្រូវតជំនាន់មួយនេះ មិនត្រូវមើលរំលងសមយុទ្ធយោធាថៃ-អូស្ត្រាលីនេះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត