
បទបរិយាយ៖ សេដ្ឋកិច្ចដែលធ្លាប់តែលេចធ្លោប្រចាំតំបន់ ពេលនេះកំពុងតែដង្ហក់! ប្រទេសថៃ កំពុងរអិលជើងធ្លាក់ចូលក្នុងរណ្តៅនៃវិបត្តិសេដ្ឋកិច្ច ដែលពិបាកនឹងស្តារឡើងវិញ។ ប្រទេសមួយដែលធ្លាប់មានផលិតផលក្នុងស្រុក (ឬGDP) ធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍បែរជាធ្លាក់ចុះយ៉ាងគំហុក ខណៈសេដ្ឋកិច្ចប្រទេសមួយចំនួន ដូចជា វៀតណាម បានកើនឡើង៧ភាគរយកាលពីឆ្នាំ២០២៥ ឥណ្ឌូណេស៊ីកើនឡើង៥ភាគរយ រីឯហ្វីលីពីនកើនឡើង៤,៥ភាគរយ។ ចុះតើប្រទេសថៃវិញឡើងប៉ុន្មានដែរ ក្រោមការដឹកនាំរបស់អានុទីន ឆានវីរគុល..? ប្រាកដណាស់ ថៃមានត្រឹមតែ២,៤ភាគរយប៉ុណ្ណោះ ជាកំណើនតិចតួចបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍...។

ការព្យាករសម្រាប់ឆ្នាំ២០២៦នេះ រឹតតែអាក្រក់ទៅទៀត។ ជាក់ស្តែង មូលនិធិរូបិយវត្ថុអន្តរជាតិ (ឬIMF) ទើបបានកាត់បន្ថយកំណើននៃការរំពឹងទុករបស់សេដ្ឋកិច្ចថៃ មកនៅត្រឹម១,៦ភាគរយប៉ុណ្ណោះ។ បំណុលក្នុងគ្រួសារមានកម្រិតជិត៩០ភាគរយ នៃGDP ដែលជាសមាមាត្រខ្ពស់បំផុតមួយក្នុងតំបន់អាស៊ី។ ទំនិញនៅថៃមិនឡើងថ្លៃ ឬចុះថោកមើលទៅដូចជារឿងល្អ! ប៉ុន្តែជាក់ស្តែង វាជារឿងដ៏គ្រោះថ្នាក់ទៅវិញទេ។ នេះបង្ហាញថា សេដ្ឋកិច្ចថៃ កំពុងជាប់គាំងព្រោះប្រជាជនអត់លុយចាយ ទើបអាជីវកម្មនានាមិនហ៊ានដំឡើងថ្លៃទំនិញ ព្រោះខ្លាចកាន់តែគ្មានអ្នកទិញ។ ក្នុងប្រទេសថៃ ប្រជាជនភាគច្រើនទទួលទានអាហារខាងក្រៅរាល់ថ្ងៃ ចាយជីវិតបែបស៊ីវីល័យ និងតម្រង់ជួរចាំទិញរបស់របរប្រើប្រាស់ទំនើបៗស៊េរីចុងក្រោយបង្អស់។ ពួកគេធ្វើរឿងទាំងអស់នោះបានដោយសារការប្រើប្រាស់កាតឥណទាន ឬបង់រំលស់ ដែលជារឿយៗមានអត្រាការប្រាក់ខ្ពស់។ ការប្រើប្រាស់ក្នុងស្រុក គួរតែជាម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចឱ្យមានភាពស្ទុះងើប បែរជាទាញដៃសេដ្ឋកិច្ចថៃ ឱ្យដាំក្បាលចុះទៅវិញ។

ចំណែករឿងមួយទៀត ដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់នោះ គឺវិស័យទេសចរណ៍ក្នុងប្រទេសថៃ។ ពិតណាស់ ចំនួនភ្ញៀវទេសចរចិន បានធ្លាក់ចុះមកនៅត្រឹមតិចជាងពាក់កណ្តាលនៃចំនួនមុនពេលកូវីដ-១៩ បន្ទាប់ពីមានរឿងអាស្រូវការឆបោកតាមអនឡាញ និងការលក់ដូរកោរភ្ញៀវទេសចរបរទេសថ្លៃហួសហេតុ។ ទោះបីជាមានភ្ញៀវទេសចរទៅលេងក៏ដោយ ក៏ពួកគេចំណាយលុយតិចជាងមុនឆ្ងាយណាស់ដែរ។ មែនទែនទៅ តម្លៃទំនិញ និងសណ្ឋាគារក្នុងប្រទេសថៃ គឺថ្លៃខ្លាំងណាស់ ម្ល៉ោះហើយអ្នកធ្វើដំណើរដែលមានកញ្ចប់ថវិកាតិចតួច ឬមធ្យម ឥឡូវនេះ មើលឃើញថា ប្រទេសវៀតណាម និងឥណ្ឌូណេស៊ី មានតម្លៃសមរម្យជាង។ សូមជម្រាបថា សណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករទេសចរណ៍ថៃ បានបន្តជាប់គាំង ៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ (មុនជំងឺរាតត្បាតកូវីដ-១៩)។

សម្រាប់ទីផ្សារភាគហ៊ុនវិញ ក៏កាន់តែយ៉ាប់។ យ៉ាប់ក៏ដោយសារតែវិនិយោគិនបរទេសដកលុយចេញជាង១០ម៉ឺនលានបាត ឬស្មើជិត៣ពាន់លានដុល្លារ នាំឱ្យទីផ្សារភាគហ៊ុនថៃធ្លាក់ចុះ២៣ភាគរយ នេះបើយោងតាមសន្ទស្សន៍ផ្សាហ៊ុន SET50 បង្ហាញទិន្នន័យកាលពីឆ្នាំ២០២៥។ រឿងអាស្រូវសាជីវកម្មជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន Stark, JKN Global ឬ Energy Absolute បានបំផ្លាញតម្លៃភាគហ៊ុនរាប់ពាន់លានដុល្លារ និងបំផ្លាញជំនឿទុកចិត្ត វិនិយោគិនដែលនៅសេសសល់។ យ៉ាងណា ទីផ្សារហ៊ុន បានងើបឡើងវិញបន្តិចបន្តួចនៅដើមឆ្នាំ២០២៦នេះ ប៉ុន្តែនៅមានកម្រិតទាបបំផុតមួយក្នុងតំបន់អាស៊ី ឬស្មើពាក់កណ្តាលនៃទីផ្សារហ៊ុនវៀតណាម និង១ភាគ៣ នៃទីផ្សារហ៊ុនឥណ្ឌូណេស៊ី។

មិនទាន់អស់នៅឡើយទេ បញ្ហាបន្ថែមទៀតលើវិបត្តិទាំងអស់នេះ គឺនៅមានបញ្ហាចម្បងមួយទៀត ដែលកំពុងលេចឡើងយ៉ាងសន្សឹមៗ នោះគឺវិបត្តិប្រជាសាស្រ្ត។ ចំនួនប្រជាជនថៃ ដែលមានវ័យចាស់លឿនជាងកំណើនសេដ្ឋកិច្ចទៅទៀត ដោយអត្រាបង្កើតកូនរបស់ប្រជាជនថៃបច្ចុប្បន្ន ទាបជាងបណ្តាប្រទេសអឺរ៉ុបភាគច្រើន។ ចំនួនប្រជាជនក្នុងវ័យធ្វើការ បានចាប់ផ្តើមធ្លាក់ចុះតាំងពីឆ្នាំ២០១៩ ហើយការធ្លាក់ចុះនេះកំពុងតែបង្កើនល្បឿនលឿនទៅៗ។ យោងតាមការព្យាករ នៅត្រឹមទសវត្សរ៍ឆ្នាំ២០៤០ ប្រទេសនេះ អាចនឹងបាត់បង់កម្លាំងពលកម្មប្រហែល១ភាគរយជារៀងរាល់ឆ្នាំ។ ប្រជាជនវ័យចំណាស់ត្រង់នេះ SBM News ចង់មានន័យថា កម្មករថៃ តិចជាងមុន មានអ្នកចូលនិវត្តន៍ច្រើនជាងមុន និងកំណើនផលិតភាពកាន់តែយឺតយ៉ាវថែមមួយកម្រិតទៀត។ ប្រទេសថៃ កំពុងក្លាយជាប្រទេសមានប្រជាជនចាស់ជរា ហើយនោះជារណ្តៅដ៏ជ្រៅមួយ ដែលពិបាកនឹងងើបឡើងវិញណាស់ ពោលគឺពឹងផ្អែកតែលើរំហូពលករបរទេសប៉ុណ្ណោះ។

ចំណែកវិបត្តិផ្ទៃក្នុង ក៏កំពុងច្របាច់-កដង្ហើមសេដ្ឋកិច្ចមួយផ្នែកដែរ ប៉ុន្តែថ្នាក់ដឹកនាំប្រទេស បែរជាគិតតែពីប្រើប្រាស់កម្លាំងយោធាបើកការឈ្លានពានប្រទេសជិតខាង ដោយការទាញទ្វារព្រំដែនបិទជាឯកតោភាគី និងពង្រីកការទិញសព្វាវុធពីខាងក្រៅ។ ល្បិចនយោបាយកូនក្មេងបៀមដៃនេះ មិនត្រឹមតែធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ និងឯងរាជ្យជាងមុនទេ ប៉ុន្តែថៃខ្លួនឯងកំពុងយកកាំបិតចាក់ចំដើមទ្រូងសេដ្ឋកិច្ចឱ្យមានរបួសធ្ងន់ទៅវិញ។ នោះក៏ព្រោះតែមេដឹកនាំរាជធានីបាងកកមើលងាយកម្ពុជា ដែលជាម៉ូយដុំ និងជាទីផ្សារនាំចូលទំនិញធំបំផុតរបស់ប្រទេសថៃ។ ការទាញទ្វារព្រំដែនបិទដោយឯកតោភាគី និងតាមតែទំនើងចិត្ត បានធ្វើឱ្យគ្រឿងសំណង់ គ្រឿងឧបភោគបរិភោគ និងទំនិញប្រើប្រាស់របស់ថៃរាប់សិបមុខ និងរាប់សិបម៉ាក ត្រូវកកស្ទះ ជាប់គាំង និងខាតបង់ប្រាក់រាប់សិបពាន់លានបាត ព្រោះមិនអាចជ្រៀតចូលទីផ្សារកម្ពុជាបាន។

លើសពីនេះ សង្វាក់ផលិតកម្មថៃដូចជា រោងចក្រ និងសហគ្រាសជាច្រើន ក៏កំពុងជួបវិបត្តិបំណុល និងគ្មានពលករប្រើប្រាស់គ្រប់គ្រាន់ដែរ នោះក៏ព្រោះតែពលករខ្មែរវិលត្រឡប់មកប្រទេសកំណើតខ្លួនវិញ។ សរុបសេចក្តីមក វិបត្តិជុំទិសដែលកំពុងច្របាច់-កសេដ្ឋកិច្ចថៃ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាជាផលបាបនៃការគ្រប់គ្រងដ៏ទន់ខ្សោយ និងការគណនាខុសនៃមេដឹកនាំថៃបច្ចុប្បន្ន។ នយោបាយឈ្លានពានប្រទេសជិតខាង និងបិទច្រកព្រំដែនតាមទំនើងចិត្ត កំពុងកាយសេដ្ឋកិច្ចថៃកប់ខ្លួនឯង ខណៈដែលកម្ពុជា ភូមា មិនបានលុតជង្គង់ ឬបន្ទន់ឥរិយាបថណាមួយ ចំពោះការទាញទ្វារព្រំដែនបិទជាឯកតោភាគីរបស់ភាគីថៃឡើយ៕



