
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា លោក Sonexay VANNAXAY បានសម្ដែងការកោតសរសើរកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ។ លើសពីនេះ លោកទូត បង្ហាញចំណាប់អាម្មណ៍ចង់ដកស្រងបទបទពិសោធពីកម្ពុជា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា..។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជា និងបានលើកឡើងថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិស្អាតបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកទូត ថ្លែងថា៖«[..]កម្ពុជា និងឡាវជាប្រទេសជិតខាង មានកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ភាគីឡាវមានបំណងដកស្រង់បទពិសោធពីកម្ពុជា ព្រមទាំងជំរុញឱ្យក្រសួងបរិស្ថាននៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត»។

ជាការឆ្លើយតប លោក អ៊ាង សុផល្លែត លើកឡើងថា កម្ពុជាកំពុងអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដោយផ្តោតលើការពង្រឹងការអនុវត្តច្បាប់ប្រឆាំងបទល្មើសធនធានធម្មជាតិ ការកាត់បន្ថយការបំពុលបរិស្ថាន ការដាំដើមឈើបង្កើនគម្របព្រៃឈើ និងការសម្រេចគោលដៅក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លោករដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈការផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិទៅនឹងការបង្កើតសេដ្ឋកិច្ចក្នុងសហគមន៍ និងការអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ដើម្បីធានាចីរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល រួមមាន ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់ប្លាស្ទិក៕





