មន្រ្តីបរិស្ថាន រកឃើញសត្វព្រៃជិតផុតពូជ១០ប្រភេទ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន រកឃើញសត្វព្រៃកម្រប្រមាណ១០ប្រភេទ កំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង…។

ក្រសួងបរិស្ថាន ផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា រយៈពេល៣ខែ គិតពីដើមខែមេសា រហូតដល់ចុងខែមិថុនា ក្រុមការងារបច្ចេកទេស បានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ, ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ, ប្រភេទទទួលរងគ្រោះថ្នាក់ និងប្រភេទជិតទទួលរងគ្រោះថ្នាក់សរុបចំនួន១០ប្រភេទ។ សត្វកម្រទាំង១០ប្រភេទ រួមមាន៖ ដំរីអាស៊ី, ខ្ទីង, ប្រើសស្បូវ, កែះ, ខ្លាឃ្មុំតូច, ខ្លាឃ្មុំធំ, ឆ្កែព្រៃ, ជ្រូកពោន ឬជ្រូកព្រុល, សំពោចកលឿង និងស្វាត្រោស។ ក្រៅពីនេះក៏នៅមានប្រភេទថនិកសត្វ បក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

បើតាមក្រសួងបរិស្ថាន ទីជម្រកសំខាន់ៗ និងទីតាំងមានវត្តមានប្រភេទសត្វទាំងនេះ នឹងប្រើប្រាស់ក្នុងដំណើរការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ជាពិសេសតំបន់អភិរក្ស ក្នុងដែនជ​ម្រកសត្វព្រៃភ្នំសំកុស។ ការរកឃើញសត្វព្រៃកម្រកំពុងរងគ្រោះជិតផុតទាំងនេះ បានឆ្លុះបញ្ចាំងពីសារសំខាន់នៃដែនជម្រកសត្វព្រៃភ្នំសំកុស ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ។ ក្រសួងបរិស្ថាន អំពាវនាវឱ្យជនរួមជាតិ ចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងការថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត