កំណត់ត្រាថ្មី! ក្រុមអ្នកជំនាញរកឃើញសត្វជាង ៧០០ ប្រភេទនៅក្នុងព្រៃកោងកាងប្រទេសកម្ពុជា
ហ៊ែល កំសាន
17 មេសា 2024 01:00 PM

រាជធានីភ្នំពេញ៖ ជាកំណត់ត្រាថ្មី ហើយក៏ជាដំណឹងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីមានការរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទខុសគ្នានៅក្នុងតំបន់ព្រៃកោងកាង ខណៈក្រុមអ្នកស្រាវជ្រាវថាប្រភេទ​សត្វទាំងនោះ​មួយ​ចំនួន​គឺកំពុង​រង​គ្រោះដោយការងាប់​​ផុត​ពូជ។ នេះបើតាមការឱ្យដឹងពី អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា នាថ្ងៃទី១៧ ខែមេសា...។

របាយការណ៍របស់ អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានឱ្យដឹងបន្ថែមថា ក្រុមអ្នកស្រាវជ្រាវមានទាំងជនជាតិខ្មែរ និងបរទេសផងនោះ បានរកឃើញនូវសត្វជាច្រើនប្រភេទដូចជា សត្វស្វាកន្ទុយវែងដែលជាប្រភេទជិតផុតពូជ សំពោចធំ សត្វភេរោមច្រមុះ ឬភេខ្មៅ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ

គួរឱ្យដឹងដែរថា ការរកឃើញនូវប្រភេទសត្វដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គឺក្រោយពីមានការសិក្សារួមគ្នាមួយនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា ដោយអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយនឹងក្រសួងបរិស្ថាន

របាយការណ៍ដដែលបញ្ជាក់ថា ការសិក្សាស្រាវជ្រាវខាងលើបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប លើផ្ទៃដីប្រមាណ ២៣,៧៥០ ហិចតា និងតំបន់រ៉ាមសារកោះកាពិលើផ្ទៃដីចំនូន ១២,០០០ ហិចតា។

អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានគូសបញ្ជាក់ពីសារសំខាន់នៃកំណត់ត្រាថ្មីនេះយ៉ាងដូច្នេះថា៖«ការរកឃើញនេះផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត»។

គួរឱ្យដឹងបន្ថែមថា នេះមិនមែនជាលើកទីមួយនោះទេ ដែលកម្ពុជាបានរកឃើញជីវៈចម្រុះ ឬប្រភេទសត្វកម្រ មួយរយៈចុងក្រោយនេះក្រុមអ្នកជំនាញកម្ពុជាបានរកឃើញពួកវាជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញកម្ពុជាបានរកឃើញនូវប្រភេទឧរង្គសត្វ និងថលជលិកសត្វ ឬជាសត្វដែលអាចសម្របខ្លួនរស់នៅទាំងក្នុងទឹកនិងលើដី ដែលពួកវាមានមានរូបរាងដូចទៅនឹងសត្វតុកកែ សត្វពស់ និងសត្វបង្គួយ និងខ្លះមានសណ្ឋានដូចសត្វពីងពាងជាដើម ខណៈក្រុមអ្នកស្រាវជ្រាវអះអាងថា ប្រភេទសត្វទាំងនោះត្រូវបានសង្ស័យថាជាប្រភេទកើតថ្មីលើផែនដី។ ដោយឡែក កាលពីឆ្នាំ២០២៣ កន្លងទៅ ក្រុមអ្នកជំនាញក៏បានរកឃើញសត្វល្មូនប្រភេទថ្មីចំនួន២ប្រភេទ គឺបង្គួយក្បាលខៀវ និងតុកកែភ្នំគូលែន ដែលពួកវាត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម-ភ្នំគូលែន ស្ថិតនៅក្នុងខេត្តសៀមរាប។

គួរបញ្ជាក់បន្ថែមទៀតថា ព្រៃកោងកាងជាព្រៃដ៏មានប្រយោជន៍សម្រាប់ជីវចម្រុះក្នុងទឹកប្រៃ ដែលជាជម្រករបស់ត្រីសមុទ្រ ក្តាម បង្គា អយស្ទ័រ មឹក ប្រព័ន្ធអេកូឡូស៊ី និងរក្សាបាននូវបរិស្ថានសមុទ្រដ៏ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ នៅកម្ពុជា ដើមកោងកាងមានប្រហែល ៣០ ប្រភេទ។ ចំណែកឯព្រៃកោងកាងដ៏ធំបំផុតនៅក្នុងប្រទេសរបស់យើងគឺស្ថិតនៅក្នុងខេត្តកោះកុង វាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នៅទីនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត