
(រាជធានីភ្នំពេញ)៖ ថ្មីៗនេះ រូបភាពជាច្រើនសន្លឹក បង្ហាញពីរូបស្ត្រីម្នាក់កំពុងកាប់សាច់សត្វស្លាបមួយប្រភេទ ដែលគេសង្ស័យថា ជាសត្វចង្កៀលខ្យង ដ៏កម្ររបស់ប្រទេសកម្ពុជា ធ្វើជាម្ហូបអាហារ ដោយបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលទំនងជាការថត(Vlog)រកប្រាក់តាមបណ្តាញសង្គម។ រូបភាពចំនួន៨សន្លឹក ផ្សព្វផ្សាយដោយគណនីមួយឈ្មោះសហគមន៍អេកូទេសចរណ៍កោះសាមសិបត្រូវបានមហាជនផ្ទុះកំហឹង និងបានស្នើសុំឱ្យមានចំណាត់ការផ្លូវច្បាប់លើករណីនេះផងដែរ...។

យោងតាមផេកផ្លូវការរបស់សហគមន៍អេកូទេសចរណ៍កោះសាមសិប នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានផុសរូបភាពព្រមទាំងសំណេរដែលមានខ្លឹមសារថា៖ «ចង្ក្រៀលខ្យងសត្វស្លាបគួរឱ្យស្រឡាញ់ បែរជាអ្នកផលិតមាតិកាអគតិមួយចំនួន យកមកចម្អិនផ្សព្វផ្សាយ ដើម្បីតែលុយទៅវិញ»។ បើមិនបានចូលរួមជួយថែរក្សារការពារ ចូរកុំបំផ្លាញ និងលើកទឹកចិត្តឱ្យមានការបំផ្លាញថែមទៀត។ ការអប់រំផ្សព្វផ្សាយ នឹងទទួលផលបានតិចតួចបំផុត ប្រសិនបើការអនុវត្តច្បាប់មិនបានគ្រប់ជ្រុងជ្រោយ នោះមនុស្សនឹងមិនខ្លាចរអា និងគោរពតាមនោះទេ។ ជាមួយគ្នានោះ ក៏មានការបញ្ចេញមតិពីសំណាក់មហាជន ដែលបានប្រើប្រាស់បណ្ដាញសង្គម ទៅលើអ្នកពាក់ព័ន្ធនៃក្រុមមួយក្ដាប់តូចនេះ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនបែរជាយកសត្វព្រៃ ប្រភេទកម្រមកធ្វើជាម្ហូបអាហារ ដើម្បីផលិតជាវីឌីអូរកចំណូលតាមប្រព័ន្ធអុីធើណេតទៅវិញ។

ទោះយ៉ាងណា ជុំវិញបញ្ហានេះ មហាជនសង្ឃឹមថា អាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធនឹងមានចំណាត់ការក្ដៅទៅទៅលើក្រុមទាំងនោះមិនខាន។ ព្រោះបើបណ្តោយតទៅទៀតច្បាស់ណាស់ថា សត្វព្រៃកម្ពុជានឹងត្រូវរលាយហិនហោចគ្មានសល់ននោះទេ ខណៈក្រសួងបរិស្ថានបានធ្វើចលនាអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសត្វព្រៃទាំងពពួកសត្វស្លាប សត្វចតុបាទ សត្វក្រជើងចំពាម ។ល។ ដោយបានបំផុសនូវយុទ្ធនាការអន្ទាក់សូន្យ ដូច្នេះ ការណ៍ដែលយកសត្វស្លាបពូជកម្រមកសម្លាប់ធ្វើម្ហូបអាហារហើយថតបង្ហាញជាសាធារណៈបែបនេះ អាជ្ញាធរសមត្ថកិច្ចមិនគួរមើលរំលងនោះឡើយ...៕






