សត្វព្រៃកម្រ ១០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ការពារធម្មជាតិ ខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង
SBM News
14 មករា 2022 06:00 PM

ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ បានបង្ហាញទិន្នន័យនៃវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។​​

ប្រភេទសត្វព្រៃ​មាន​កម្រ ប្រភេទជិតផុតពូជ ប្រភេទទទួល​រងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ ដែលត្រូវបានរកឃើញនោះ រួមមាន ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀត។ ពួកគេមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។ ប្រភេទសត្វព្រៃ​មាន​កម្រ ១០ប្រភេទនេះ ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ​ របស់មន្ត្រីជំនាញក្រសួងបរិស្ថាន ដែលជាលទ្ធផលនៃការសិក្សា រយៈពេល ២ខែកន្លះ គឺពីចុងខែតុលា ឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២នេះ របស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួង​បរិស្ថាន។

ម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ មានចំនួន ៤៩ទីតាំង ដែលក្នុងនោះក្នុងដែនជម្រកសត្វព្រៃនៅខេត្តពោធិ៍សាត់ចំនួន ២៣ គ្រឿង ខេត្តបាត់ដំបងចំនួន ១៦ គ្រឿង និងខេត្តកោះកុងចំនួន១០ គ្រឿង។ គោលបំណងនៃការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ គឺដើម្បីបង្កើនចំណេះ​ដឹង​ពីវិធីសាស្ដ្រសិក្សា​ និង​ប្រមូល​​ទិន្នន័យ​ជីវៈចម្រុះ ស្វែងរកវត្តមាននិងអវត្តមានប្រភេទសត្វ​មាន​ដោយកម្រ ជិតផុតពូជ ទទួល​រងគ្រោះថ្នាក់ និងគំរាមកំហែង និងវាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។

ទន្ទឹមនឹងការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលបង្កហានិភ័យខ្ពស់ចំពោះសុខភាពមនុស្ស ដោយងាកមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះ ឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

សូមបញ្ជាក់ថា ទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ផ្តិតយករូបភាព និងវីដេអូសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនេះ ជាលើកទី២ហើយ។ ទិន្នន័យលើកទី១ ប្រមូលបានកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ រូបភាពសត្វព្រៃកម្រត្រូវបានរកឃើញពេលនោះ មានដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបានភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។

ការប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ផ្តិតយករូបភាព និងវីដេអូសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនេះស្ថិតក្នុងគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលទទួលបានហិរញ្ញប្បទានពីធនាគារ​ពិភព​​លោក។ គម្រោង ចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ​គ្រោង​នឹង​​បញ្ចប់នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រង​តំបន់​​ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវាក់តម្លៃ​អនុផល​ព្រៃឈើ​នៅតំបន់​ទេសភាព​ជួរភ្នំក្រវាញ និងបឹងទន្លេសាប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត