
ខេត្តបាត់ដំបង៖ ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា វត្តមានសត្វព្រៃជាច្រើនប្រភេទកម្រត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារ បានដាក់ទុកចោលកាលពី៤ខែមុននៅតំបន់ទេសភាពភ្នំថ្មកំបោរក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង។

ក្រសួងបរិស្ថានគូសបញ្ជាក់ថា មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋានបានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួនជាង៣០គ្រឿងកាលពីខែមករា ឆ្នាំ២០២៤កន្លងមកនេះនៅតំបន់ទេសភាពភ្នំថ្មកំបោរក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ។ ជាលទ្ធផលថតបានថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរទាំងនោះរួមមាន៖ កែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃ ជាដើម។

ក្រសួងបន្ថែមថា ការសិក្សានេះឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុបក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។ សូមជម្រាបថា ប្រទេសកម្ពុជាមានតំបន់ភ្នំថ្មកំបោរយ៉ាងច្រើនដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និង ស្ទឹងត្រែង។ ភ្នំកំបោរទាំងនោះមានសារសំខាន់យ៉ាងខ្លាំងផ្នែកប្រព័ន្ធអេកូឡូសុី និងតម្លៃផ្នែកវប្បធម៌ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ៕






