ឆ្នាំងបាយពលរដ្ឋកម្ពុជាកាន់តែរងផលប៉ះពាល់ ក្រោយតម្លៃប្រេងម៉ាស៊ូតហក់ឡើងដល់៧១០០រៀលក្នុង១លីត្រ
ហៀប ស៊ីថេត
2 ម៉ោងមុន

បទបវិយាយ៖ សម្រែកនៃម៉ាស៊ីនគ្រឿងចក្រកសិកម្ម និងសំឡេងគ្រហឹមនៃរថយន្តដឹកទំនិញធុនធ្ងន់ៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចកម្ពុជា កំពុងបន្លឺសំឡេងថ្ងួចថ្ងូរ។ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា តម្លៃប្រេងម៉ាស៊ូតដែលធ្លាប់តែទាបជាងសាំង ពេលនេះបានហក់ឡើងយ៉ាងគំហុករហូតដល់ទៅ៧១០០រៀលក្នុងមួយលីត្រ។ សម្ពាធដ៏ធ្ងន់ធ្ងរនេះ កំពុងធ្លាក់លើស្មារប្រជាកសិក ពាណិជ្ជករ និងអាជីវកកម្ពុជា កាន់តែខ្លាំងថែមមួយកម្រិតទៀត...។

ប្រជាកសិករប្រើម៉ាស៊ូតសម្រាប់ម៉ាស៊ីនបូមទឹកធំៗ ត្រាក់ទ័រ និងម៉ាស៊ីនច្រូត កាលណាប្រេងឡើងថ្លៃ នោះតម្លៃថ្លៃដើមនៃផលិតកម្មកសិកម្មដូចជា ស្រូវ បន្លែបង្ការ ដំណាំកសិ-ឧស្សាហកម្មនឹងកើនឡើងភ្លាមៗ ខណៈតម្លៃលក់ចេញនៅលើទីផ្សារជួនកាលមិនឡើងតាមតម្លៃប្រេងនោះទេ ធ្វើឱ្យប្រជាកសិកររស់ក្នុងភាពតានតឹង សញ្ចឹងគិតរំពៃ ទាំងដែលប្រជាកសិករកម្ពុជាភាគច្រើនបំផុត បានជំពាក់បំណុល បុលកម្ចីទុនអាជីវកម្មកសិកម្មរបស់ខ្លួនពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ ទន្ទឹមនោះ អ្នករត់រថយន្តឈ្នួល រថយន្តដឹកទំនិញ និងរថយន្តដឹកកុងតឺន័រ កំពុងក្លាយជាចំណាប់ខ្មាំងនៃការឡើងថ្លៃប្រេង ជាពិសេស«ឥន្ធនៈម៉ាស៊ូត»។ ក្នុងបរិបទបែបនេះ ពួកគាត់ពិតជាតឹងតែង និងពិបាកក្នុងចិត្តណាស់លើការដំឡើងថ្លៃឈ្នួលពីភ្ញៀវ ឬអតិថិជន ខណៈថ្លៃចំណាយលើប្រេងកើនឡើងជិតទ្វេដង ហើយកម្រៃដែលរកបានដូចសព្វមួយដង ត្រូវបានចាយចំណាយដើម្បីចិញ្ចឹមតែធុងសាំង ឬធុងប្រេងដើម្បីបន្តដង្ហើមអាជីវកម្ម។

ចំពោះបងប្អូនប្រជានេសាទវិញ ទុក្ខលំបាកគឺរឹតតែធ្ងន់ធ្ងរ ព្រោះទូកនេសាទស្ទើរតែ ១០០ភាគរយ ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ខណៈតម្លៃម៉ាស៊ូតឡើងដល់៧១០០រៀលក្នុងមួយលីត្រ។ ជាឧទាហរណ៍៖ បើប្រជានេសាទខ្មែរចេញទូកទៅរកត្រីបានច្រើន វាជារឿងគួរឱ្យត្រេកអរ ប៉ុន្តែបើចេញទៅនេសាទបានត្រីតិច នោះមានន័យថា កម្រៃទទួលបាននឹងមិនគ្រប់គ្រាន់សម្រាប់ថ្លៃប្រេងឡើយ និយាយឱ្យខ្លី គឺ«ខាតដើម»។ ម្ល៉ោះហើយ អ្នកនេសាទមួយចំនួន ត្រូវបង្ខំចិត្តចងទូកចតចោលនៅកំពង់។ នេះជាការលើកឡើងរបស់ប្រជានេសាទម្នាក់ដែលបានទម្លាយប្រាប់ SBM News។ ទាំងនេះ បង្ហាញឱ្យឃើញថា នៅពេលប្រេងឡើងថ្លៃ មុខទំនិញនៅលើទីផ្សារដូចជា ត្រី សាច់ បន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគដទៃទៀត ក៏នឹងឡើងថ្លៃតាមចង្វាក់ផលិតកម្មដែរ។ ដូច្នេះ ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ឬមធ្យមកម្រិតទាប នឹងត្រូវបង្ខំចិត្តកាត់បន្ថយរបបអាហារ ឬការចំណាយចាំបាច់ផ្សេងៗ ដើម្បីទប់ទល់នឹងតម្លៃទំនិញដែលហក់ឡើងខ្ពស់។ ដូចនេះ ការកើនឡើងនៃតម្លៃប្រេង វាបាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជញ្ជីងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា។

មានមតិជាច្រើនចោទជាពិភាល់ថា តើហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងប្រេងសាំង? សូមជម្រាបថា ចាប់តាំងពីផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី២៨ ខែកុម្ភៈ តម្លៃប្រេងម៉ាស៊ូត បានកើនឡើងយ៉ាងគំហុក ខណៈនាវាដឹកទំនិញ(ប្រេង) ជាង១០០០គ្រឿង ត្រូវបានជាប់គាំងនៅច្រកសមុទ្ទហ័រមូស្ស ដែលជាដង្ហើមប្រេង២០ភាគរយនៃពិភពលោក ដូច្នេះ ការបិទផ្លូវទឹកនេះ មិនខុសពីការកាត់ផ្តាច់ដង្ហើមប្រេងនៅអាស៊ី និងកម្ពុជានោះឡើយ។ តម្លៃខ្ពស់ជាង! ព្រោះថា ប្រេងមាស៊ូត គឺជាឆ្អឹងខ្នងនៃវិស័យដឹកជញ្ជូន យានយន្ត និងឧស្សាហកម្មធុនធ្ងន់ ខណៈប្រេងសាំងប្រើប្រាស់ភាគច្រើនសម្រាប់គ្រឿងយន្តធុនស្រាល ដូចជា រថយន្តឯកជន ត្រីចក្រយានយន្ត ទោចក្រយានយន្ត និងផាសអាប់តែប៉ុណ្ណោះ។ ហេតុផលមួយទៀត ដែលធ្វើឱ្យប្រេងម៉ាស៊ូត ថ្លៃជាងប្រេងសាំងទៀតនោះ គឺថា..ការផលិតប្រេងម៉ាស៊ូតសម័យថ្មី មិនមែនគ្រាន់តែជាការចម្រាញ់ធម្មតានោះទេ ប៉ុន្តែគឺជាការឆ្លើយតបនឹងបទដ្ឋានបរិស្ថាន និងការពារម៉ាស៊ីនគ្រឿងចក្រ ដូច្នេះ ក្រុមហ៊ុនត្រូវបន្ថែមសារធាតុពិសេសជាច្រើន ដែលជារបត់មួយរុញច្រានថ្លៃដើម ផលិតឱ្យខ្ពស់ជាងប្រេងសាំង។  

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ប្រេងម៉ាស៊ូតនៅកម្ពុជាមានតម្លៃ ៧១០០រៀលក្នុងមួយលីត្រ ហើយប្រេងសាំងធម្មតាមានតម្លៃ៥៤៥០រៀលក្នុងមួយលីត្រ ធ្វើតម្លៃប្រេងនៅកម្ពុជាបំបែកកំណត់ត្រា នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ តម្លៃប្រេងម៉ាស៊ូត៧១០០រៀលក្នុងមួយលីត្រ គឺជាបន្ទុកដ៏ធ្ងន់លើស្មារបស់ប្រជាកសិករ និងអាជីវករកម្ពុជា។ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម តម្លៃប្រេងនៅកម្ពុជា គឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនៃវិបត្តិប្រេងសកល ខណៈរាជរដ្ឋាបាលកម្ពុជា កំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហានេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត