
រាជធានីបាងកក៖ បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក។ ជនសង្ស័យរូបនេះ គឺជាមេខ្លោងដ៏ធំដែលកំពុងរងការតាមប្រមាញ់យ៉ាងក្ដៅគគុកពីប្រទេសកំណើត ក្រោមបទចោទប្រកាន់ពីបទដឹកនាំបណ្តាញឆបោកតាមប្រព័ន្ធទូរសព្ទឆ្លងដែន និងក៏ជាឧក្រិដ្ឋជននៅក្នុងបញ្តាញជួញដូរមនុស្សអន្តរជាតិផងដែរ...។

យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជប៉ុន បានបង្ហាញថា លោក សាសាគី គឺជាមេខ្លោងគន្លឹះដ៏មានឥទ្ធិពល ដែលបានបញ្ជាលើប្រតិបត្តិការឆបោកឆ្លងកាត់ប្រទេសជាច្រើន ដោយបានបោកប្រាស់ជនរងគ្រោះនៅក្នុងប្រទេសជប៉ុន និងបង្កឱ្យមានការខាតបង់ទឹកប្រាក់រហូតដល់ទៅរាប់ពាន់លានយេនឯណោះ។ លើសពីនេះ ក្រុមអ្នកស៊ើបអង្កេតជប៉ុន ក៏បានរកឃើញតម្រុយយ៉ាងច្បាស់លាស់ដែលផ្សារភ្ជាប់បណ្តាញឆបោករបស់មេខ្លោងរូបនេះ ទៅនឹងក្រុមក្មេងទំនើង និងឧក្រិដ្ឋជនឆ្លងដែន ក្នុងការធ្វើសកម្មភាពដឹកជញ្ជូន និងបង្ខិតបង្ខំមនុស្សដោយខុសច្បាប់ ឱ្យទៅធ្វើការនៅក្នុងក្រុម Scammer ទៀតផង។

គួរបញ្ជាក់ថា មេខ្លោងរូបនេះ គឺត្រូវបានតាមប្រមាញ់ក្រោមដីកាចាប់ខ្លួនរបស់តុលាការស្រុកណាហ្គូយ៉ូ Nagoya ប្រទេសជប៉ុន តាំងពីថ្ងៃទី១មេសាមកម៉្លេះ ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឆបោក។ បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងស្ថិតក្នុងនីតិវិធីរៀបចំធ្វើបត្យាប័នបញ្ជូនត្រឡប់ទៅកាត់ទោសនៅប្រទេសជប៉ុនវិញ៕



