ជប៉ុនបញ្ចូលឥណ្ឌូណេស៊ីទៅក្នុងបណ្តាញកងទ័ពជើងទឹករបស់ខ្លួន បន្ទាប់ពីអូស្ត្រាលី និងហ្វីលីពីន
ហៀប ស៊ីថេត
7 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ ឥណ្ឌូណេស៊ី ស្ថិតនៅចំចំណុចប្រសព្វនៃផ្លូវសមុទ្ទដ៏មមាញឹកបំផុតនៅលើពិភពលោក។ ខ្សែឆ្នេររបស់ប្រទេសនេះមានប្រវែងជិត៥៥០០០គីឡូម៉ែត្រ ហើយដែនទឹករបស់ប្រទេសនេះគ្របដណ្ដប់លើច្រកសមុទ្ទម៉ាឡាកា និងច្រកសមុទ្ទឡំបុក (Lombok) ដែលជាច្រករបៀងយុទ្ធសាស្ត្រ ដោយមានទំហំពាណិជ្ជកម្មសកលរាប់ពាន់លានដុល្លារអាម៉េរិកឆ្លងកាត់ជារៀងរាល់ឆ្នាំ។ ដោយមើលឃើញពីភាពយុទ្ធសាស្ត្រដ៏សំខាន់របស់ឥណ្ឌូណេស៊ី ជប៉ុនបានចាប់ផ្តើមចែចូវបងធំអាស៊ីអាគ្នេយ៍មួយនេះ បញ្ចូលទៅក្នុងបណ្តាញកងទ័ពជើងទឹករបស់ខ្លួន បន្ទាប់ពីអូស្ត្រាលី និងហ្វីលីពីន។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ កងទ័ពជើងទឹករបស់ឥណ្ឌូណេស៊ីនៅតែខ្វះខាតសមត្ថភាពត្រួតពិនិត្យ និងតាមដានស្ថានការណ៍នៅក្រោមផ្ទៃទឹក ដើម្បីឃ្លាំមើល ឬទប់ទល់នឹងអ្វីៗដែលកំពុងធ្វើចលនានៅក្រោមរលកសមុទ្ទនៅឡើយ។ យ៉ាងណា ជប៉ុនមានបំណងចង់ផ្លាស់ប្ដូរឥណ្ឌូណេស៊ី ដោយរាជធានីតូក្យូបានបញ្ជាក់កាលពីថ្ងៃទី៥ ខែមិថុនា ថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាចាប់ផ្តើមចរចាជាផ្លូវការ អំពីលទ្ធភាពនៃការផ្ទេរនាវាពិឃាតថ្នាក់អាសាហ្គិរី (Asagiri-class) ទៅឱ្យកងទ័ពជើងទឹកឥណ្ឌូណេស៊ី បន្ទាប់ពីមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ គឺលោក ស៊ីជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) រដ្ឋមន្រ្តីការពារជាតិជប៉ុន និងលោក ចាហ្វ្រី ស្យាំសូឌីន (Sjafrie Sjamsoeddin) រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី។

លោក ស្ចាហ្វ្រី ស្យាំសូឌីន(ឆ្វេង) និងលោក ស៊ីជីរ៉ូ កូអ៊ីហ្ស៊ូមិ
លោក ស្ចាហ្វ្រី ស្យាំសូឌីន(ឆ្វេង) និងលោក ស៊ីជីរ៉ូ កូអ៊ីហ្ស៊ូមិ

លោក កូអ៊ីហ្ស៊ូមិ បានថ្លែងបន្ទាប់ពីជំនួបនោះថា ការផ្ទេរនាវាពិឃាតនេះនឹងពង្រីកកិច្ចសហប្រតិបត្តិការយោធាជាក់ស្តែង ដែលជាជំហានដ៏ល្អមួយក្នុងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ចំណែកឯលោក ចាហ្វ្រី វិញ បានបង្ហាញពីបំណងចង់ធ្វើឱ្យមានលក្ខណៈផ្លូវការ និងផ្តល់ជារូបរាងជាក់ស្តែង ដល់កិច្ចសហប្រតិបត្តិការលើបរិក្ខារការពារជាតិជាមួយជប៉ុន ជាពិសេសតាមរយៈការផ្ទេរនាវាពិឃាតថ្នាក់អាសាគិរី(Asagiri)។ សូមបញ្ជាក់ថា ការដែលជប៉ុនបញ្ចូលឥណ្ឌូណេស៊ីទៅក្នុងបណ្តាញកងទ័ពជើងទឹករបស់ខ្លួន គឺធ្វើឡើងចំពេលនាវាឆ្មាំឆ្នេរសមុទ្ទចិន ដែលប្រដាប់អាវុធធុនធ្ងន់ ត្រូវបានគេពើបប្រទះឃើញជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងការបើកបរអមដំណើរក្រុមទូកនេសាទពាណិជ្ជកម្ម ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ី នៅតំបន់សមុទ្ទណាធូណាភាគខាងជើង (North Natuna Sea)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត