ខ្លាកំណាចជប៉ុន កំពុងដាស់លទ្ធិយោធានិយមឱ្យរស់ឡើងវិញ ដើម្បីវិលទៅរកស្រមោលនៃមហិច្ឆតាចក្រពត្តិនិយម..?
ហៀប ស៊ីថេត
10 ម៉ោងមុន

បទបរិយាយ៖ ចាប់តាំងពីបិទបញ្ចប់សង្គ្រាមលោកលើកទី២ ខ្លាកំណាចដុះស្លាប[ជប៉ុន] គឺជាភាគីចាញ់សង្គ្រាម បានបង្ខំចិត្តបោះបង់ចោលនូវលទ្ធិយោធានិយម និងការធ្វើសង្គ្រាម ដោយងាកទៅរកស្មារតីអហិង្សា និងសន្តិភាពនិយម ក្រោយមកវាក៏បានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណរបស់ប្រទេសជប៉ុន អស់រយៈពេលជាង៨ទសវត្សរ៍។ ប៉ុន្តែគ្រប់យ៉ាងមិនទៀងទាត់ និងអចិន្ត្រៃយ៍ឡើយ ដោយបច្ចុប្បន្ន លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់របស់ប្រទេសជប៉ុន កំពុងព្យាយាមផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិឡើងវិញ ដោយគ្រហឹមក្សាវៗប៉ុន្តែមានទម្ងន់រាប់លានតោននោះគឺ៖«ជប៉ុនបានត្រឡប់មកវិញហើយ!...»

តើហេតុអ្វីបានជាប្រទេសជប៉ុនបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន...? ហើយថាតើការរង្គោះរង្គើនៃសណ្តាប់ធ្នាប់ពិភពលោក មានពាក់ព័ន្ធអ្វីនឹងរឿងមួយនេះ..? ចាប់ផ្តើមចេញពីកោះយូណាហ្គូនី (Yonaguni) ដែលធ្លាប់ល្បីល្បាញដោយសារធម្មជាតិដ៏ស្រស់ត្រកាល និងភាពស្ងប់ស្ងាត់ ប៉ុន្តែវាបានក្លាយជាទីតាំងឈរជើងនៃប្រព័ន្ធមីស៊ីល និងប្រព័ន្ធការពារដែនអាកាស។ ជប៉ុនមើលឃើញថា កោះនេះ គឺជាផ្នែកមួយនៃខ្សែត្រៀមជួរមុខថ្មី ម្លោះហើយបានជាស្តេចចម្បាំងដាវសាមូរ៉ៃជប៉ុន បន្ថែមសម្ភារយោធាជាបន្តបន្ទាប់ ដូចជាមីស៊ីល ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារអាកាសជាដើម។ តើហេតុអ្វីទៅ...? នោះក៏ដោយសារតែកោះនេះ ស្ថិតនៅក្បែរច្រមុះនាគរាជចិន ជាព្រំប្រទល់ធម្មជាតិរវាងសមុទ្ទចិនខាងកើត និងមហាសមុទ្ទប៉ាស៊ីហ្វិក។ ជាងនេះទៅទៀត កោះយូណាហ្គូនី ស្ថិតនៅចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រប៉ុណ្ណោះ ពីកូនកោះតៃវ៉ាន់ ដែលជាដែនដីមួយដុំ ដែលចិនសម្លក់សម្លឹងស្ទើរគ្មានថ្ងៃលោះ។

មែនទែនទៅ លោកស្រី សាណាអេ តាកៃឈី គឺជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន និងមានភាពល្បីល្បាញខ្លាំង ដោយសារទស្សនៈ «ជាតិនិយម ឬ Nationalism» និងការសម្រេចចិត្តប្លែកៗ តែម៉ឺងម៉ាត់របស់លោកស្រី។ កន្លងទៅ លោកស្រីធ្លាប់បានបញ្ចេញវោហារសាស្ត្របង្ហើរដាក់ត្រចៀកស្តេចនាគរាជចិនថា៖«ការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ អាចនឹងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុនដោយផ្ទាល់ ហើយវាក៏អាចមានន័យម្យ៉ាងថា ជប៉ុននឹងត្រូវឆ្លើយតបតាមផ្លូវយោធា»។ ជំហររឹងមាំខុសពីធម្មតានេះ បានជួយឱ្យគណបក្សរបស់លោកស្រីឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ ជាមួយគ្នា លោកស្រីកំពុងជំរុញសមត្ថភាពយោធារបស់ជប៉ុន តាមរយៈការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ និងជជែកអំពីលទ្ធភាពដែលជប៉ុនគួរមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ថែមទៀតផង។

លោកស្រី សាណាអ៊ិ តាកៃឈី
លោកស្រី សាណាអ៊ិ តាកៃឈី

គេចងចាំមិនភ្លេចទេថា ជប៉ុនមានប្រវត្តិសាស្ត្រដ៏ឃោរឃៅក្នុងសម័យសង្គ្រាមលោកលើកទី២។ ជប៉ុនធ្លាប់មានមហិច្ឆតាជាចក្រពត្តិនិយម ដោយបានវាយលុក និងដាក់អាណានិគមសន្ធឹងលើទឹកដីជាច្រើន ហើយថែមទាំងបានចាប់ដៃជាមួយណាស៊ីអាល្លឺម៉ង់ថែមទៀតផង។ នៅឆ្នាំ១៩៤១ ជប៉ុនបានបើកការវាយប្រហារលើមូលដ្ឋានទ័ព ភើលហាប៊ើរ (Pearl Harbor) របស់សហរដ្ឋអាម៉េរិក។ ពេលនោះហើយ គឺជាពេលដែលខ្លាកំណាចដុះស្លាបជប៉ុន ទាញស្តេចឥន្រ្តីចំពុះដែកក្រញ៉ាំមុតស្រួចអាម៉េរិក ឱ្យចូលក្នុងសង្គ្រាមលោកលើកទី២ ដោយផ្ទាល់។ យ៉ាងណា ភ្លើងសង្គ្រាមត្រូវបានផុតរលត់នៅឆ្នាំ១៩៤៥ បន្ទាប់ពីសហរដ្ឋអាម៉េរិកទម្លាក់គ្រាប់បែកបរមាណូ «Little Boy» នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងហ្វេតមែន «Fat Man» នៅទីក្រុងណាហ្កាសាគី។ ក្រោយសង្គ្រាមបានបញ្ចប់ សហរដ្ឋអាម៉េរិក បានលុបបំបាត់លទ្ធិយោធានិយមរបស់ជប៉ុន និងបានសរសេរ «មាត្រា៩» ចូលក្នុងរដ្ឋធម្មនុញ្ញជប៉ុន ឱ្យលះបង់ចោលមហិច្ឆតាធ្វើសង្គ្រាម និងអនុញ្ញាតឱ្យមានត្រឹមតែការការពារខ្លួនប៉ុណ្ណោះ ដែលនេះប្រៀបបានទៅនឹងកងមាសពាក់លើក្បាលស៊ុនអ៊ូខុង ដែលសង្ឃទេព ថាង ចេង ដាក់ដើម្បីទប់ស្កាត់ចរិតឆេវឆាវរបស់ស្តេចពានរដ៏មានឥទ្ធិពលមួយនេះ។ ចុះបើកងដោះវិញ តើវាហ្នឹងទៅជាយ៉ាងណា?

បច្ចុប្បន្ន គ្រប់យ៉ាងហាក់កំពុងប្រែប្រួល ជប៉ុនមើលឃើញថា ខ្លួនកំពុងរស់នៅក្បែរអ្នកជិតខាងដ៏គ្រោះថ្នាក់ ដែលជាមហាអំណាចយោធា ៣ទិសហ៊ុមព័ទ្ធ នោះគឺ រុស្ស៊ី ចិន និងកូរ៉េខាងជើង។ អ្នកជិតខាងដ៏គ្រោះថ្នាក់ទាំងបី បាននិងកំពុងពង្រីកឥទ្ធិពលយោធារបស់ខ្លួនយ៉ាងខ្លាំងក្លា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច។ ចំណែក កូរ៉េខាងជើងតែងតែបាញ់សាកល្បងមីស៊ីលរំលងក្បាលជប៉ុនដូចភ្លៀងរលឹម ទន្ទឹមនឹង រុស្ស៊ីកំពុងចារប្រវត្តិសាស្ត្រថ្មី នៃសង្គ្រាមឈ្លានពានលើអតីតដែនដីចាស់របស់អតីតសហភាពសូវៀត ដែលបាត់បង់ គឺ[អ៊ុយក្រែន]។ ដើម្បីរក្សាសន្តិសុខ លោកស្រី សាណាអេ តាកៃឈី បានប្រើប្រាស់យុទ្ធសាស្ត្រយកចិត្តប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ តាមរយៈការសន្យាវិនិយោគទឹកប្រាក់រហូតដល់៥៥០ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាម៉េរិក ជាថ្នូរនឹងការមិនយកពន្ធគយ និងរក្សាទំនាក់ទំនងសម្ព័ន្ធមិត្តយោធា។

លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោកស្រី សាណាអ៊ិ តាកៃឈី
លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោកស្រី សាណាអ៊ិ តាកៃឈី

មែនទែនទៅ លោក ត្រាំ តែងតែដាក់សម្ពាធឱ្យសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យយោធា ដូច្នេះ ការដំឡើងកញ្ចប់ថវិកាការពារជាតិរបស់ជប៉ុន ជាអន្ទាក់ការទូតដ៏លេចធ្លោមួយ ជួយឱ្យជប៉ុនដោះខ្នោះដៃចេញពី «មាត្រា៩» នៃការហាមឃាត់អនុវត្តលទ្ធិយោធានិយមរបស់ជប៉ុន នាពេលកន្លងមក ខណៈលោក ត្រាំ បានត្រឹមពេញចិត្តនឹងអ្វីដែលជប៉ុនផ្ដល់ជូនប្រយោជន៍សេដ្ឋកិច្ច ភ្លេចគិតដល់ការរលាស់ខ្លួនរបស់ជប៉ុនដែលនឹងក្លាយជាខ្លាដុះស្លាបដ៏កំណាចថ្មី មួយទៀតនាពេលអនាគតឆាប់ៗនេះ។ ដើម្បីទប់សភាពការណ៍នៃការពង្រីកអំណាចរបស់ប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងបីនេះ ជប៉ុនបានចាប់ផ្តើមបង្កើតទំនាក់ទំនងសន្តិសុខថ្មីជាមួយបណ្តាប្រទេសជិតខាងកូរ៉េខាត្បូង និងហ្វីលីពីន បើទោះបីជាមានស្រមោលអតីតកាលដ៏ជូរចត់ជាមួយគ្នាក៏ដោយ។

ជាក់ស្តែងកាលពីពេលថ្មីៗ ជប៉ុនបានបញ្ជូនកងទ័ពទៅចូលរួមសមយុទ្ធយោធារួមគ្នារវាងអាម៉េរិក និងហ្វីលីពីន ដែលនេះជាវត្តមានទ័ពជប៉ុនលើកដំបូងបំផុត នៅលើទឹកដីហ្វីលីពីន គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបិទបញ្ចប់។ លើសពីនេះ ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ក៏បានធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំផងដែរ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងការពង្រីកសមត្ថភាពយោធាប្រទេសទាំងបី។ សូមបញ្ជាក់ថា «សន្តិភាពនិយម» លែងជាអាទិភាពចម្បងបំផុតរបស់ប្រទេសជប៉ុន ដូចមុនទៀតហើយ ខណៈលទ្ធិយោធានិយមក៏ចាប់ផ្តើមរះឡើងយ៉ាងសន្សឹមៗសាជាថ្មី នៅលើប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ។ យ៉ាងណា ការពឹងផ្អែកលើ លោក ដូណាល់ ត្រាំ តែមួយគត់ ក៏ជារឿងដ៏គួរឱ្យព្រួយបារម្ភផងដែរ ព្រោះរដ្ឋបាលសហរដ្ឋអាម៉េរិកថ្មីមួយនេះ ហាក់គិតផលប្រយោជន៍ជាតិអាម៉េរិកជាធំ ឬ (American First) ចំណែក ការធ្វើជាព្រងើយកន្តើយលើបញ្ហាកោះតៃវ៉ាន់របស់លោក ត្រាំ ក្រោយជួបលោកស៊ី នៅរដ្ឋធានីប៉េកាំង វាអាចជាយុទ្ធសាស្ត្រដកខ្លួនថយ ហើយផ្តល់ការគាំទ្រឱ្យជប៉ុនចូលខ្លួនមកជំនួសវិញក៏ថាបាន...៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត