
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការផលិតក្នុងស្រុក ពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីឆ្លើយតបនឹងបញ្ហាព្រំដែន ព្រមទាំងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។ ការជំរុញរបស់សម្តេចនាយករដ្ឋមន្រ្តី ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ សម្តេច បន្តថា ស្របពេលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពផលិតក្នុងស្រុក កសាងខ្សែច្រវាក់ផ្គត់ផ្គង់ជាតិ និងពង្រីកទីផ្សារសម្រាប់សហគ្រាសក្នុងស្រុកឱ្យកាន់តែរឹងមាំ។ មេដឹកនាំកម្ពុជាបញ្ជាក់ថា៖«[..]ជាពិសេសបញ្ហាព្រំដែន និងភាពតានតឹង ដែលបង្កឡើងដោយប្រទេស ជិតខាង បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពផលិតក្នុងស្រុក កសាងខ្សែច្រវាក់ ផ្គត់ផ្គង់ជាតិ និងពង្រីកទីផ្សារសម្រាប់សហគ្រាសក្នុងស្រុកឱ្យកាន់តែរឹងមាំ[..]»។

ជាមួយគ្នាសម្តេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផល និងសេវាកម្មក្នុងស្រុក តាមរយៈយុទ្ធនាការ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន» ដោយចាត់ទុកថា ការប្រើប្រាស់ផលិតផលខ្មែរ គឺជាការរួមចំណែកដោយផ្ទាល់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រឹងសេដ្ឋកិច្ចជាតិ។ បន្ថែមលើនោះ សម្តេចជំរុញឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម បន្តកែលម្អគុណភាពផលិតផល និងសេវាកម្ម ការវេចខ្ចប់ ការអភិវឌ្ឍម៉ាកសញ្ញា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការគ្រប់គ្រងអាជីវកម្មប្រកបដោយវិជ្ជាជីវៈ ព្រមទាំងយកចិត្តទុកដាក់លើភាពស្របច្បាប់ អនុលោមភាព និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកការចូលទៅកាន់ទីផ្សារថ្មីៗប្រកបដោយចីរភាព។ សូមជម្រាបថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ«សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជួយភ្ជាប់សហគ្រាសកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីបង្កើនឱកាសអាជីវកម្ម និងភាពប្រកួតប្រជែង៕









