អ្នកសង្កេតការណ៍អាស៊ាន បន្តចុះពិនិត្យស្ថានភាពនៅតំបន់«វត្តតាមាន់សែនជ័យ»តាមព្រំដែនដែលថៃឈ្លានពាន
អុន សម្ផស្ស
2 ម៉ោងមុន

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានខាងកម្ពុជា (AOT) បានបន្ត​ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា ដែលរកការឈ្លានពានដោយកងកម្លាំងថៃ។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបង្ហាញថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទៅកាន់វត្តតាមាន់សែនជ័យ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីធានាថាភាគីកម្ពុជា-ថៃ អនុវត្តតាមកិច្ចព្រមព្រៀង និងបទឈប់បាញ់។ អ្នកនាំពាក្យបន្ថែមថា ក្រុមអ្នកសង្កេតការណ៍បានចុះពិនិត្យមើលសាលារៀន មន្ទីរពេទ្យ វត្តអារាម និងលំនៅឋានប្រជាពលរដ្ឋ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។ 

ជាមួយគ្នា កម្ពុជាបន្តអំពាវនាវឱ្យអនុវត្តពេញលេញ ខ្ជាប់ខ្ជួន និងជាបន្ទាន់នូវសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព, និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ដទៃទៀត ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ 

កម្ពុជា តាមរយៈក្រសួងការបរទេស កាលពីថ្ងៃទី២៤ ខែមិថុនា ក៏បានតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ជាក់ស្តែង នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងយានយន្តចំនួន ៩គ្រឿង បានចុះវាស់វែងដីធ្លី និងបោះបង្គោល ព្រំដីនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ ទៅបង្គោលលេខ៤៧។ កម្ពុជា បញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត