Update៖ គ្រោះរញ្ជួយដីផ្ទួនៗនៅវ៉េណេស៊ុយអេឡា សម្លា.ប់មនុស្ស១៨៨នាក់ និងជាង១៥០០នាក់រងរបួ.ស ខណៈក្រុមសង្គ្រោះព្យាយាមរុករកអ្នកដែលនៅក្រោមគំនរបាក់បែក
ហៀប ស៊ីថេត
2 ថ្ងៃមុន

រដ្ឋធានីការ៉ាកាស៖ ការស្លាប់ ការព្រាត់ប្រាស់ និងទុក្ខសោកបានគ្របដណ្ដប់ពេញផ្ទៃប្រទេសវ៉េណេស៊ុយអេឡា ខណៈប្រជាពលរដ្ឋទឹកភ្នែកហូរជោកថ្ពាល់ ខំប្រឹងកាយគំនរថ្មទាំងដៃទទេ ប្រជែងនឹងពេលវេលាដើម្បីស្វែងជីវិតមនុស្សជាទីស្រឡាញ់ ចេញពីក្រោមផ្ទាំងថ្មបេតុង​នៃអាគារ ដែលបានបាក់សង្កត់មនុស្សទាំងរស់ ក្រោយគ្រោះរញ្ជួយដីភ្លោះបានវាយប្រហារយ៉ាងសន្ធាប់ក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៨៨នាក់ និងជាង១៥០០នាក់រងរបួស (នេះមិនមែនជាតួលេខាចុងក្រោយនោះទេ)។

អគារជាច្រើនបានប្រេះស្រាំ ស្រុតបាក់ និងផ្អៀងគួរឱ្យគ្រោះថ្នាក់បំផុត បន្ទាប់ពីគ្រោះរញ្ជួយដីភ្លោះ មានកម្រិត៧,២ និង៧,៥រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសវ៉េណេស៊ុយអេឡា។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានដំណើរការទៅមុខ ខណៈពេលវេលាកាន់តែខើចទៅៗសម្រាប់អ្នកដែលជាប់គាំង និងអ្នករងរបួស។ តំបន់ឬកន្លែងដែលរងគ្រោះធ្ងន់ធ្ងរបំផុតគឺ រដ្ឋឡាក្វៃរ៉ា (La Guaira) ជារដ្ឋមួយរបស់វ៉េណេស៊ុយអេឡា។

បុគ្គលិកសង្គ្រោះម្នាក់បានប្រាប់ AFP ថា ស្ថានភាព គឺមានភាពមិនច្បាស់លាស់ និងប្រថុយប្រថាន ដោយសារតែកង្វះខាតបុគ្គលិកដែលមានជំនាញ និងការកម្រិតផ្នែកបច្ចេកទេស។ ប្រធានាធិបតីស្តីទី លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) បានទៅពិនិត្យរដ្ឋឡាក្វៃរ៉ា បន្ទាប់ពីតំបន់នោះត្រូវបានប្រកាសជាតំបន់មហន្តរាយ។ ការផ្ដល់ជំនួយបានហូរចូលពីជុំវិញពិភពលោក ដោយមានប្រទេសស្វីស អេស្ប៉ាញ បារាំង ព័រទុយហ្កាល់ និងម៉ិកស៊ិក ស្ថិតក្នុងចំណោមប្រទេសដែលបញ្ជូនអ្នកជំនាញ និងក្រុមសង្គ្រោះទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា។ ទន្ទឹមគ្នានេះ ប្រទេសចិន ឥណ្ឌា ប្រេស៊ីល និងសូម្បីតែប្រទេសអ៊ីរ៉ង់ដែលកំពុងញាំញីដោយសង្គ្រាម ក៏បានផ្តល់ជំនួយផងដែរ ខណៈសម្តេចប៉ាបលីអូទី១៤ បានផ្ញើជំនួយដំបូងចំនួន១០ម៉ឺនអឺរ៉ូទៅកាន់ប្រទេសរងគ្រោះនេះ។ ចំណែកឯសហរដ្ឋអាម៉េរិកបានអះអាងថា កំពុងកៀរគរជំនួយចំនួន១៥០លានដុល្លារអាម៉េរិក ដើម្បីជួយដល់វ៉េណេស៊ុយអេឡា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត