Update៖ រញ្ជួយដីភ្លោះនៅវ៉េណេស៊ុយអេឡា សម្លា.ប់មនុស្ស៣២នាក់ និងជាង៧០០នាក់រងរបួ.ស ខណៈត្រាំ បញ្ជាឱ្យភ្នាក់ងារអាម៉េរិកគ្រប់ផ្នែកចេញទៅជួយ
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីការ៉ាកាស៖ យ៉ាងហោចណាស់ មានមនុស្ស៣២នាក់ បាត់បង់ជីវិត និងជាង៧០០នាក់ រងរបួសក្នុងគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លា ដែលកើតឡើង២លើកផ្ទួនៗគ្នានៅប្រទេសវ៉េណេស៊ុយអេឡា។ តួលេខនេះ ត្រូវបានប្រកាសដោយធានាធិបតីស្តីទី លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស (Delcy Rodriguez) នៅប៉ុន្មានម៉ោង ក្រោយពីគ្រោះរញ្ជួយដីកើតឡើងនៅថ្ងៃទី២៥ ខែមិថុនា។ វាមិនទាន់ជាតួលេខចុងក្រោយនោះទេ។ 

គ្រោះរញ្ជួយដីដ៏គួរភ័យខ្លាចនេះ ធ្វើឱ្យអគារខ្ពស់ៗជាច្រើនបានបាក់រលំទាំងស្រុង និងបង្កឱ្យមានមនុស្សម្នារជាច្រើនរត់ភៀសខ្លួនទាំងភ័យស្លន់ស្លោ និងតក់ក្រហល់បំផុត។ បច្ចុប្បន្ន ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា បានសម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ខណៈកងកម្លាំងសង្គ្រោះបន្ទាន់ និងប្រជាពលរដ្ឋជាច្រើន កំពុងរុករកនៅលើគំនរថ្មបាក់បែក ដើម្បីស្វែងរកអ្នករស់រានមានជីវិត។ តាមរបាយការណ៍ពីទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) គ្រោះរញ្ជួយដីកម្រិតធ្ងន់ទាំង២លើកនេះ បានវាយប្រហារចំតំបន់តែមួយ។

លើកទី១ មានកម្រិត៧,២រ៉ិចទ័រ ដែលចំណុចកណ្តាលនៃការរញ្ជួយ ស្ថិតនៅជិតឆ្នេរម៉ូរុន(Moron)។ លើកទី២ មានកម្រិត៧,៥រ៉ិចទ័រ ស្ថិតនៅចម្ងាយ៤៥គីឡូម៉ែត្រពីចំណុចដំបូង និងក្នុងជម្រៅចន្លោះពី ១០ទៅ២២គីឡូម៉ែត្រ។ ជាមួយគ្នានេះ ព្រលានយន្តហោះអន្តរជាតិម៉ៃក្វេទី (Maiquetia) ដែលជាព្រលានយន្តហោះដ៏សំខាន់របស់ប្រទេសនេះ ត្រូវបានបង្ខំចិត្តបិទទ្វារជាបន្ទាន់ ដោយសាររចនាសម្ព័ន្ធអគាររងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

នៅឯសង្កាត់ អាល់តាមីរ៉ា (Altamira) ក្នុងរដ្ឋធានីការ៉ាកាស អគារកម្ពស់២២ជាន់បានដួលរលំបាក់ខ្ទេចខ្ទីគ្មានសល់។ សាច់ញាតិជនរងគ្រោះ បាននាំគ្នាទ្រហោយំ ដង្ហោយហៅឈ្មោះសមាជិកគ្រួសាររបស់ពួកគេទាំងទឹកភ្នែក។ ដើម្បីបង្ការគ្រោះថ្នាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឌីអូស្តាបូ កាប៊ែលឡូ (Diosdado Cabello) បានអំពាវនាវឱ្យប្រជាពលរដ្ឋចាកចេញពីផ្ទះសម្បែង និងបានបញ្ជាឱ្យកាត់ផ្តាច់ការផ្គត់ផ្គង់ហ្កាសជាបណ្តោះអាសន្ន នៅក្នុងអគារជាច្រើនដើម្បីជៀសវាងការផ្ទុះឆេះ។ លោកបានបន្ថែមថា រដ្ឋដែលរងគ្រោះធ្ងន់ធ្ងរបំផុត រួមមាន រដ្ឋទ្រូជីលឡូ (Trujillo), ការ៉ាបូបូ (Carabobo), មីរ៉ាន់ដា (Miranda) និង ឡាហ្គូអៃរ៉ា (La Guaira)។ យ៉ាងណា គិតមកទល់ពេលនេះ មិនទាន់មានទិន្នន័យជនរងគ្រោះច្បាស់លាស់នៅឡើយ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា៖«សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចជាស្រេច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយ!។ ខ្ញុំបានណែនាំឱ្យគ្រប់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ រៀបចំខ្លួនដើម្បីធ្វើសកម្មភាពឱ្យបានលឿនបំផុត»។ សូមជម្រាបថា ឥទ្ធិពលនៃការរញ្ជួយដីនេះ ក៏បានញ័ររហូតដល់រដ្ឋធានីបូហ្កូតា (Bogota) ប្រទេសកូឡុំប៊ី ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត