
រដ្ឋធានីការ៉ាកាស៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់កើតឡើងបណ្តាក់គ្នា២លើក បានវាយប្រហារនៅភាគខាងលិចនៃរដ្ឋធានីការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា បណ្ដាលឱ្យបាក់រលំអគារជាច្រើន សង្កត់លើមនុស្ស និងធ្វើឱ្យក្រុមអ្នកវិទ្យាសាស្រ្តព្រមានពីការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ។ មានការប៉ាន់ប្រមាណបឋមពីស្ថាប័នជំនាញថា មនុស្សអាចលើសពី១ម៉ឺននាក់ ដែលត្រូវបាត់បង់ជីវិតក្រោមគំនរបាក់បែក។

យោងតាមទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) គ្រោះរញ្ជួយដីលើកទីមួយ មានកម្រិត៧,២រ៉ិចទ័រ ក្នុងជម្រៅ២២គីឡូម៉ែត្រ ហើយកើតឡើងត្រង់ចំណុចមួយនៅជិតឆ្នេរសមុទ្ទម៉ូរ៉ុន (Moron) ដែលមានចម្ងាយប្រហែល១៦៨គីឡូម៉ែត្រនៅភាគខាងលិចរដ្ឋធានីការ៉ាកាស។ ភ្លាមៗនោះ មិនដល់មួយនាទីផង ក៏មានការរញ្ជួយដីដ៏ខ្លាំងមួយទៀតកម្រិត៧,៥ រ៉ិចទ័របានកើតឡើងបន្ថែម។ USGS បានចេញសារព្រមានថា គ្រោះមហន្តរាយនេះអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយប៉ាន់ស្មានដំបូងថា ចំនួនអ្នកបាត់បង់ជីវិតអាចនឹងមានចន្លោះពី ១ម៉ឺនទៅ១០ម៉ឺននាក់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឌីអូស្តាដូ កាប៊ែលឡូ (Diosdado Cabello) បានប្រកាសថា កម្លាំងនគរបាល និងកងកម្លាំងស៊ីវិលទាំងអស់ ត្រូវបានដាក់ឱ្យដំណើរការជាបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាជនពីក្រោមគំនរអគារបាក់បែក និងផ្ទះសម្បែងដែលដួលរលំ។ មានសេចក្តីរាយការណ៍ថា នៅសង្កាត់កាកៅ (Chacao) នៃរដ្ឋធានីការ៉ាកាស មានអគារ២បានបាក់រលំទាំងស្រុង ហើយមនុស្សយ៉ាងហោចណាស់១៦នាក់បានរងរបួស និងមានអ្នកស្លាប់ផងដែរ ប៉ុន្តែមិនទាន់មានតួលេខផ្លូវការណាមួយនៅឡើយទេ។

មន្ទីរពេទ្យធំៗ ដូចជា Hospital de Clinicas ក្នុងរដ្ឋធានីការ៉ាកាស បានបង្គាប់ឱ្យបុគ្គលិក និងគ្រូពេទ្យទាំងអស់បន្ថែមវេនប្រចាំការទ្វេដងនៅពេលយប់ ដើម្បីត្រៀមទទួលព្យាបាលអ្នករងរបួស។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញពីការខូចខាតខ្លះៗក្នុងមន្ទីរពេទ្យ ព្រមទាំងការខូចខាតនៅព្រលានយន្តហោះផងដែរ។ ភ្លាមៗក្រោយការរញ្ជួយដី ប្រព័ន្ធព្រមានរលកស៊ូណាមិរបស់អាម៉េរិក បានចេញប្រកាសអាសន្នពីហានិភ័យរលកយក្សសម្រាប់តំបន់ ព្យួតូ រីកូ (Puerto Rico) កោះវើជីន (Virgin) និងកោះមួយចំនួនទៀត ប៉ុន្តែការព្រមាននេះត្រូវបានដកចេញវិញ ក្នុងរយៈពេលប្រហែលមួយម៉ោងក្រោយមក។ សាលារៀនមួយចំនួនក្នុងរដ្ឋធានីការ៉ាកាស និងកម្មវិធីនានា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីទុកពេលឱ្យអាជ្ញាធរវាយតម្លៃការខូចខាត៕






